WHO៖ មេរោគ JN.1 ដែលអាចចាប់យកកោសិកានិងគេចចេញពីប្រព័ន្ធការពាររាងកាយកំពុងរាតត្បាតយ៉ាងឆាប់រហ័ស
- BY
- Pheakdey
- December 21, 2023
អង្គការសុខភាពពិភពលោកកំពុងចាប់អារម្មណ៍និងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះមេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីមួយប្រភេទ ដែលកំពុងរាតត្បាតយ៉ាងឆាប់រហ័សក្នុងរយៈពេលថ្មីៗនេះ។ មេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីនោះមានឈ្មោះថា JN.1 ជាមេរោគដែលបានបំប្លែងខ្លួនចេញពីមេរោគកូវីដ-១៩ ប្រភេទអូមេក្រុង ខណៈមេរោគបំប្លែងខ្លួនថ្មីនេះត្រូវបានគេមើលឃើញថា ជាមេរោគដែលខ្លាំងបំផុតមួយក្នុងចំណោមមេរោគកូវីដ-១៩បំប្លែងខ្លួនទាំងអស់។

មានចំណុចគួរឲ្យកត់សម្គាល់ ២ នៃមេរោគ JN.1 គឺវាអាចចាប់យកកោសិកាក្នុងរាងកាយមនុស្ស និងអាចគេចខ្លួនចេញពីប្រព័ន្ធការពាររាងកាយបាន។ គិតត្រឹមពេលនេះ មេរោគ JN.1 កំពុងមានវត្តមាននៅក្នុងប្រទេសធំៗមួយចំនួនដូចជា អាមេរិក ឥណ្ឌា អង់គ្លេស និងកាលពីប៉ុន្មានថ្ងៃមុននេះប្រទេសថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគថ្មីនេះជាលើកដំបូងផងដែរ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះមេរោគ JN.1 បានគ្របដណ្តប់ប្រមាណជា ១៥-២៩% នៅក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំងអស់នៅអាមេរិក ខណៈអាជ្ញាធរសុខាភិបាលអង់គ្លេសវិញបានបញ្ជាក់ថា ៧%នៃអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំងអស់នៅអង់គ្លេសគឺបានឆ្លងមេរោគ JN.1៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






