រថយន្ត

Lamborghini បង្ហើបថា ត្រកូលដែលបន្តវេនឱ្យគ្រួសារ Aventador នឹងប្រើប្រាស់កុងដង់ Super-capacitor ជំនួសឱ្យអាគុយ ប៉ុន្តែនៅតែប្រើម៉ាស៊ីនស៊ីឡាំង V-12

BY
autoadmin
March 14, 2019

រថយន្តទំនើបរបស់ក្រុមហ៊ុន Lamborghini ម៉ូដែល Aventador ចាប់ផ្តើមផលិតលក់តាំងពីជាង ៨ឆ្នាំ មុនមកម៉្លេះ។ វាក៏ជិតដល់ចុងបញ្ចប់នៃវដ្តជីវិតរបស់វាដែរ ប៉ុន្តែវានឹងមិនចូលនិវត្តន៍ភ្លាមនោះទេ រហូតទាល់តែម៉ូដែលពិសេសមួយទៀតមកដល់។ នេះបើយោងតាមសម្តីរបស់លោក Maurizio Reggiani ដែលជាប្រធានផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន បានប្រាប់ Road and Track ក្នុងអំឡុងពិព័រណ៍រថយន្ត Geneva Motor Show ឆ្នាំ 2019 ដែលបានចាប់ផ្តើមតាំងពីសប្ដាហ៍មុន។

លោក Reggiani បានឱ្យដឹងថា គឺពិតជាអាចដែលថា ពួកគេនឹងផលិតត្រកូល Aventador ចុងក្រោយមួយទៀតសិន មុនពេលដែលត្រកូលថ្មីចូលមកស្នងតំណែង។ ជាងនេះផងដែរ ដោយសារតែម៉ូដែលក្រោយរបស់ Lamborghini នឹងប្រែជាប្រភេទរថយន្តកូនកាត់ ធ្វើឱ្យត្រកូល Aventador ក្លាយជារថយន្តបរិសុទ្ធ (non-hybrid) ចុងក្រោយបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី ជាមួយនឹងដំណើរការម៉ាស៊ីនស៊ីឡាំង V-12។

យ៉ាងណាក៏ដោយការផ្លាស់ប្តូរបន្ទាប់ពីត្រកូល Aventador នេះត្រូវបានគេឱ្យឈ្មោះថា LB48H ហើយវានឹងប្រើប្រាស់ម៉ាស៊ីនស៊ីឡាំង V-12 កូនកាត់ជាមួយនឹង កុងដង់ (supercapacitors) ជំនួសឱ្យអាគុយវិញ។ លោក Reggiani ក៏បានប្រាប់ទៅ Road and Track ដោយមិនបង្ហាញពីព័ត៌មានលម្អិតថា៖ «មនុស្សគ្រប់គ្នាកំពុងព្យាយាមចង់ដឹងថា អ្វីដែលនឹងក្លាយជាអ្នកស្នងតំណែងរបស់ Aventador ប៉ុន្តែពេលនេះយើងនៅតែមិនទាន់ប្រកាសថា នៅពេលណានោះទេ»។ មិនថាវានឹងជាប្រភេទកូនកាត់យ៉ាងណា អ្វីដែលយើងអាចដឹងពេលនេះគឺ ជំនាន់ក្រោយរបស់វានៅតែប្រើម៉ាស៊ីន V-12 ហើយអ្វីដែលប្លែកនោះគឺវាប្រើកុងដង់ជំនួសឱ្យអាគុយ៕

អត្ថបទ៖ លីដា
ប្រភព៖ motor1

Share This Post: