ចិនប្រកាសពីផែនការរឹតបន្តឹងការលេងហ្គេម Online ខណៈវិធានការថ្មីនេះកំពុងជះឥទ្ធិពលដល់ឧស្សាហកម្មដែលមានតម្លៃ ៥៤ពាន់លានដុល្លារនេះយ៉ាងខ្លាំង
- BY
- Pheakdey
- December 23, 2023
ចិន៖ អាជ្ញាធរចិនកាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅនេះបានប្រកាសពីគម្រោងអនុវត្តវិធាការទប់ស្កាត់ការលេងហ្គេម Online ដ៏តឹងរឹងមួយ ដើម្បីការពារកុំឲ្យកើតមានឥរិយាបថញៀនហ្គេមជ្រុលហួសហេតុក្នុងចំណោមពលរដ្ឋខ្លួន ជាពិសេសនោះគឺក្រុមយុវជនតែម្តង។ តាមផែនការគឺជាអាជ្ញាធរចិននឹងអនុវត្តវិធានការកំណត់រយៈពេល និងកំណត់ចំនួនលុយ ដែលបុគ្គលម្នាក់ៗអាចលេងហ្គេមបានក្នុងមួយថ្ងៃៗ ហើយប្រភេទហ្គេមដែលអាចប៉ះពាល់ដល់ឯកភាពជាតិក៏នឹងត្រូវបានហាមឃាត់ផងដែរ។

ក្រោយមានសេចក្តីប្រកាសខាងលើនេះគេបានមើលឃើញថា ទីផ្សារភាគហ៊ុនហ្គេម Online នៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងលឿន ហើយក្រុមអ្នកនិយមលេងហ្គេមមួយចំនួនហាក់មិនសប្បាយចិត្តជាមួយនឹងការអនុវត្តវិធានការខាងលើនេះទេ។ សូមបញ្ជាក់ជូនថា ចិនគឺជាទីផ្សារហ្គេម Online ដ៏ធំបំផុតនៅលើពិភពលោក ដោយឧស្សាហកម្មមួយនេះមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៥៤ពាន់លានដុល្លារឯណោះ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងរបាយការណ៍មួយរបស់អាជ្ញាធរចិនបានបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ មានពលរដ្ឋចិនចំនួន ៥៥០លាននាក់ ឬស្នើនឹង ៥១% នៃចំនួនពលរដ្ឋសរុបបានលេងហ្គេម Online យ៉ាងសកម្មជារៀងរាល់ថ្ងៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






