ប៉ូលិសប៉េរូតែងខ្លួនជាលោកតា Santa Claus ដើរចែកអំណោយតាមផ្ទះហើយក៏ឈានដល់ការចាប់ខ្លួនមេខ្លោងចែកចាយសារធាតុខុសច្បាប់បានចំនួន ២នាក់
- BY
- Pheakdey
- December 25, 2023
ប៉េរូ៖ នៅក្នុងថ្ងៃចន្ទ ទី២៥ ខែធ្នូនេះ នៅតាមបណ្តាប្រទេសជាច្រើនបាននាំគ្នាអបអរពិធីបុណ្យដ៏ធំមួយ គឺពិធីបុណ្យណូអែល (Christmas) ដែលជាពិធីបុណ្យរំលឹកដល់ថ្ងៃចាប់កំណើតរបស់ព្រះយេស៊ូគ្រីស្ត។ តាមធម្មតានៅក្នុងការអបអរពិធីបុណ្យប្រចាំឆ្នាំមួយនេះមានបុរសមួយចំនួនបានតែងខ្លួនជាលោកតា Santa Claus ឬអ្នកខ្លះហៅថា លោកឪពុកណូអែលដើរចែកអំណោយផ្សេងៗដល់មុខផ្ទះរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍តែម្តង។

យ៉ាងណាក្តី សម្រាប់អាជ្ញាធរនៃប្រទេសប៉េរូឯណោះវិញបានមើលឃើញថា ការអបអរពិធីបុណ្យណូអែលតាមរបៀបដូចដែលបានជម្រាបជូនខាងលើនេះក៏ជាឱកាសល្អមួយដែលអាជ្ញាធរអាចប្រើប្រាស់ប៉ូលិសជំនាញចុះទៅបំបែកសំណុំរឿងខុសច្បាប់មួយចំនួននៅតាមសហគមន៍ដែលមានលក្ខណៈបែបអនាធិបតេយ្យផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២៥ ខែធ្នូនេះបានឲ្យដឹងថា អាជ្ញាធរប៉េរូបានប្រើប៉ូលិសជំនាញម្នាក់ឲ្យស្លៀកពាក់ជាលោកតា Santa Claus ចុះទៅចែកអំណោយនៅក្នុងតំបន់ Huaral នៃក្រុង Lima ដែលជាតំបន់មុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មមួយ ហើយនៅក្នុងប្រតិបត្តិការណ៍ពិសេសនេះប៉ូលិសប៉េរូក៏អាចឈានទៅដល់ការចាប់ខ្លួនមេខ្លោងចែកចាយគ្រឿងញៀនបានចំនួន ២នាក់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






