ព័ត៌មានជាតិ

ស្ត្រីម្នាក់បើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បុកម៉ូតូបណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត នៅខណ្ឌសែនសុខ បានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

BY
Khmernote Media
December 26, 2023

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក Prius មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥:០៦នាទី មានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបុកម៉ូតូម៉ាក ហុងដា សេ១២៥ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:១៤នាទី ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក់ Prius មានឈ្មោះ អ៉ឹងសុទ្ធ ដាវី ភេទស្រី មានទីលំនៅផ្ទះក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ បានចូលខ្លួនមកសារភាពនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: