ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! គហបតីនៅកូរ៉េខាងត្បូងមួយក្រុម សម្រេចផ្ដល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​កម្ពុជា​ តាម​រយៈកីឡាការិនីឆ្នើម ស្រួង ភាវី

    BY Liny Chan December 29, 2023
    ដំណឹងល្អ! គហបតីនៅកូរ៉េខាងត្បូងមួយក្រុម សម្រេចផ្ដល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​កម្ពុជា​ តាម​រយៈកីឡាការិនីឆ្នើម ស្រួង ភាវី

    គហបតីមួយក្រុមនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តថានឹងផ្ដល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​កម្ពុជា​ តាម​រយៈអ្នកនាង ស្រួង ភាវី ដែលត្រូវបានគេស្គាល់ថាជាម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

    កីឡាការិនីឆ្នើមរូបនេះ បានបង្ហោះខ្លឹមសាររួមជាមួយនឹងរូបថតនៅលើផេកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ថា៖ « ថ្ងៃ​នេះ​ខ្ញុំ​នាំ​ដំណឹង​ល្អ​មួយ​ទៀត​ជម្រាប​​ពុក​ម៉ែ​បងប្អូន។ នាង​ខ្ញុំ​ត្រូវ​បាន​ គហបតី​មួយ​ក្រុម​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ដ៏​ពិសេស​ ចូលរួម​ក្នុង​កម្មវិធី​ជជែក​អំពី​កិច្ចការ​មនុស្សធម៌​ ដែល​ពួកគាត់​សុទ្ធសឹងតែ​ជា​ជន​សប្បុរស​ និង​ជា​អ្នក​តាម​ដាន​ គាំទ្រ​រាល់​សកម្មភាព​របស់​ខ្ញុំ​កន្លងមក​ ហើយ​ក៏​មាន​ការ​ប្រកួត​កីឡា​ស្នូកឃ័រ​ជា​មួយ​ខ្ញុំ​ផង​ដែរ​។ ក្នុង​កិច្ច​ពិភាក្សា​ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា​ កន្លងមក​ និង​បច្ចុប្បន្ន​ពួក​គាត់​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ពូកែ​ ជា​ច្រើន​ប្រទេស​ ក្នុង​នោះ​មិន​មាន​ខ្មែរ​យើង​នៅ​ឡើយ​ទេ។ ​ពួកគាត់​បន្ថែម​ថា​ កម្ពុជា​មិន​ខ្វះ​ទេ​មនុស្ស​ពូកែ​ៗ​ ព្រោះ​ធ្លាប់​ជា​អាណាចក្រ​ដ៏​រុងរឿង​មួយ​នៅ​លេី​ពិភពលោក​។ ជា​ធម្មតា​ទេ​កូរ៉េ​ក៏​ធ្លាប់​ដួល​រំលំ​ដែរ​នៅ​អំឡុង​ឆ្នាំ​៥០​ តែ​ដោយសារ​ស្មារតី​របស់​ប្រជាជន​តេី​ពួក​យើង​មាន​ថ្ងៃ​នេះ​។ កម្ពុជា​ពេល​នេះ​មាន​ភាវី​ជា​សក្ខីភាព​ ដែល​បញ្ជាក់​ថា​ជន​ជាតិ​ខ្មែរ​ជា​ពូជ​អ្នក​ខ្លាំង​ពូកែ​ មាន​បេះដូង​ចែករំលែក​ ហើយ​ឧស្សាហ៍​ព្យាយាម​ទៀត​។ ដូច្នេះ​ពួក​យើង​សម្រេច​ថា​នឹង​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​កម្ពុជា​ តាម​រយៈ​ភាវី​តែ​ម្ដង​ ហើយ​ម្យ៉ាង​ទៀត​បេី​ភាវី​ត្រូវ​ការ​ឱ្យ​ពួក​យើង​ជួយ​ក្នុង​កិច្ច​ការ​ផ្សេង​ៗ​ទៀត​ ពួក​យើង​នឹង​ជួយ​តាម​ដែល​អាច​ធ្វើ​បាន​។ នាង​ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ ព្រោះ​ថា​កិច្ច​ការ​ដែល​ខ្ញុំត្រូវ​នាំ​ប្អូន​ៗ​មក​ព្យាបាល​ មក​រៀន​សូត្រ​នៅ​កូរ៉េ​កាន់​តែ​ងាយ​ស្រួល​ កាន់​តែ​ទូលំទូលាយ​ ដោយ​មាន​ជន​ជា​សប្បុរស​ជា​ច្រើន​ចាំ​ជួយ​នាង​ខ្ញុំ​។ នេះ​ក៏​ព្រោះ​តែ​ការ​ប្ដេជ្ញា​ចិត្ត​ ការ​តស៊ូ​ ការ​លះបង់​ ដេីម្បី​ប្រជាជន​ទេីប​ខ្ញុំ​មាន​ថ្ងៃ​នេះ​ និង​បាន​ទទួល​ការ​ជួយពីពួក​គាត់​ដល់​ប្រជាជន​ខ្មែរ​យើង​។ ជំនួស​ឱ្យ​ប្រជាជន​កម្ពុជា​ ខ្ញុំ​សូម​​អរគុណ​ពួកគាត់​ទុក​នៅ​ក្នុង​ទី​នេះ​ដោយ​សេចក្ដី​គោរព »៕

    អត្ថបទ៖ លីនី
    ប្រភព៖ Sruong Pheavy

    Share This Post: