Google យល់ព្រមដោះស្រាយបណ្តឹងទាមទារប្រាក់សំណង ៥ពាន់លានដុល្លារជុំវិញករណីបំពានសិទ្ធឯកជនរបស់អ្នកប្រើប្រាស់
- BY
- Pheakdey
- December 30, 2023
អាមេរិក៖ ក្រុមហ៊ុន Google បានយល់ព្រមចូលខ្លួនមកដោះស្រាយបណ្តឹងទាមទារប្រាក់សំណងចំនួន ៥ពាន់លានដុល្លារជុំវិញករណីបំពានសិទ្ធឯកភាពរបស់អ្នកប្រើប្រាស់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៣០ ខែធ្នូនេះ។ គួររម្លឹកជូនថា កាលពីអំឡុងខែសីហាកន្លងទៅ ក្រុមហ៊ុន Google ធ្លាប់បានបង់ប្រាក់សំណងចំនួន ២៣លានដុល្លាររួចម្តងហើយជុំវិញករណីអនុញ្ញាតឲ្យភាគីទី៣ ចូលទៅស្វែងរកទិន្នន័យរបស់អ្នកប្រើប្រាស់មួយចំនួនដោយគ្មានការអនុញ្ញាតពីអ្នកប្រាស់ដែលជាម្ចាស់កម្មសិទ្ធ។

ចំពោះរឿងរ៉ាវចម្រូងចម្រាសជុំវិញបណ្តឹងទាមទារប្រាក់សំណងចំនួន ៥ពាន់លានដុល្លារខាងលើនេះវិញគឺបានកើតឡើងតាំងតែអំឡុងឆ្នាំ ២០២០ម្លេះ ដោយក្រុមអ្នកប្រើប្រាស់បានអះអាងថា តាមរយៈមុខងារ “incognito” នៅក្នុងកម្មវិធី Chrome ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន Google នោះ គឺ Google បានអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Silicon Valley អាចលួចតាមដានការស្វែករកផ្សេងៗរបស់ក្រុមអ្នកប្រើប្រាស់បាន ដែលសកម្មភាពនេះគឺបានបំពានទៅនឹងច្បាប់ការពារសិទ្ធឯកជនរបស់ក្រុមអ្នកប្រើប្រាស់យ៉ាងខ្លាំង។ គិតត្រឹមពេលសំណុំរឿងដ៏រសើបខាងលើនេះកំពុងត្រូវបានដោះស្រាយនៅក្នុងតុលាការអាមេរិក ខណៈការប្រកាសសាលក្រមយ៉ាងណានោះនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ សូមបញ្ជាក់ជូនផងដែរថា កាលពីឆ្នាំ២០២២ ក្រុមហ៊ុន Facebook ក៏ធ្លាប់បានបង់ប្រាក់សំណងចំនួន ៧២៥លានដុល្លារឲ្យទៅក្រុមអ្នកប្រើប្រាស់ជុំវិញករណីស្រដៀងគ្នានេះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






