អន្តរជាតិ

កូរ៉េខាងត្បូងដាក់ឲ្យប្រើប្រាស់ទិដ្ឋការ “Digital Nomad” ដែលអនុញ្ញាតឲ្យជនបរទេសមកស្នាក់នៅក្នុងប្រទេសខ្លួនបានរហូតដល់ ២ឆ្នាំ

BY
Pheakdey
December 30, 2023

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ទិដ្ឋការពិសេសមួយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះតទៅ ដោយទិដ្ឋការថ្មីនេះមានឈ្មោះថា “Digital Nomad” ដែលអនុញ្ញាតឲ្យជនបរទេសអាចមកស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលរហូតដល់ ២ឆ្នាំ។ គោលបំណងនៃការដាក់ឲ្យប្រើប្រាស់ទិដ្ឋការនេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមជនបរទេស ដែលមានបំណងចង់មកកម្សាន្តរយៈពេលវែងឬស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលដែលពួកគេកំពុងបំពេញការ Online ជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសកំណើត ឬនៅក្នុងប្រទេសណាមួយផ្សេងទៀត។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះជនបរទេសទូទៅអាចមានសិទ្ធស្នើសុំទិដ្ឋការមកស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងយូរបំផុតត្រឹម ៩០ថ្ងៃប៉ុណ្ណោះ ខណៈទិដ្ឋការនេះមិនរួមបញ្ចូលទិដ្ឋការប្រើប្រាស់ក្នុងលក្ខខណ្ឌពិសេសមួយចំនួន ដូចជាទិដ្ឋការការទូត ទិដ្ឋការទៅសិក្សា ឬទៅបំពេញការងារផ្សេងៗនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។

បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ដើម្បីអាចស្នើសុំទិដ្ឋការ “Digital Nomad” បានគឺក្រុមជនបរទេសទាំងអស់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ៖

-មានអាយុលើសពី ១៨ឆ្នាំ និងមានការងារធ្វើច្បាស់លាស់យ៉ាងតិចមួយឆ្នាំ

-មានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម ៨៤,៩៦លានវ៉ុន (៣,៨៣១ដុល្លារអាមេរិក)

-មានប័ណ្ណធានារ៉ាប់រងសុខភាពជាលក្ខណៈឯកជនដែលមានតម្លៃយ៉ាងតិចណាស់ ១០០លានវ៉ុន (៧៧,២៤៨ដុល្លារអាមេរិក)

-មិនធ្លាប់ប្រព្រឹត្តបទល្មើសផ្សេងៗ

-ធ្លាប់មានបទពិសោធធ្វើដំណើរមកប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលខ្លីណាមួយនាពេលកន្លងមក

-ទិដ្ឋការនឹងមានសុពលភាពក្នុងរយៈពេល ១ឆ្នាំ ហើយបន្ទាប់ពី១ឆ្នាំទើបអាចមានសិទ្ធស្នើសុំបន្ត ១ឆ្នាំបន្ថែមទៀតបាន

-ក្រោយទទួលបានទិដ្ឋការនេះហើយ ជនបរទេសក៏អាចនាំយកប្រពន្ធ ប្តី ឬកូនដែលមានអាយុលើសពី ១៨ឆ្នាំមកកាន់ប្រទេសកូរ៉េខាងត្បូងបានផងដែរ

-ទិដ្ឋការនេះមិនត្រូវបានប្រើប្រាស់សម្រាប់ជនបរទេសដែលត្រូវមកបំពេញការងារនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time 

 

 

 

Share This Post: