ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណីទៀត

BY
Khmernote Media
December 30, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណី។

យោងតាមលទ្ធផល វិភាគលម្អិត (Sequencing) ទទួលបានពីមន្ទីរពិសោធន៍បង្អែកជាតិនៃវិទ្យស្ថានសុខភាពសាធារណៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណី បន្ថែមទៀត ដែលពួកគាត់ទាំងអស់ពុំមានរោគសញ្ញាធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ ហើយពុំមានប្រវត្តិធ្វើដំណើរ ទៅក្រៅប្រទេសទេ។ ការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 មានការកើនឡើងបែបនេះ បញ្ជាក់ ថាប្រភេទវីរុសបំប្លែងថ្មីនេះ កំពុងមានវត្តមានក្នុងសហគមន៍ និងអាចមានករណីឆ្លងជាបន្តបន្ទាប់។

ក្រសួងសុខាភិបាលសូមរំលឹកជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបផងដែរថា តាមចំណាត់ថ្នាក់របស់ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទេ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI (Variant of Interest) មិនមែនជាវីរុស បំប្លែងថ្មីដែលជាប្រភេទព្រួយបារម្មណ៍ VOC (Variant of Concern) នោះទេ។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការនូវការចម្លងវីរុស កូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: