ព័ត៌មានជាតិ

បុរសម្នាក់ ដែលកែច្នៃម៉ូតូខុសបច្ចេកទេស ហើយបង្ហោះតាមបណ្ដាញសង្គម tik tok ត្រូវបានស្នងការខេត្ដកំពង់ស្ពឺ ហៅមកធ្វើកិច្ចសន្យាអប់រំ

BY
Khmernote Media
December 30, 2023

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបានមើលឃើញព័ត៌មានតាមបណ្ដាញសង្គម tik tok នូវទង្វើមិនគប្បីជាគំរូមិនល្អក្នុងសង្គម ការអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សហការជាមួយកំលាំងអធិការដ្ឋានក្រុងច្បារមន បានចុះដល់ទីតាំងកែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស មួយកន្លែងស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ម្ចាស់ទីតាំងអាជីវកម្មលក់គ្រឿងបន្លាស់ម៉ូតូឈ្មោះ ឡាយ យូ ភេទប្រុស អាយុ ៣១ឆ្នាំ ដែលបានកែឆ្នៃម៉ូតូដោយផ្សារដែកតមកផ្នែកកង់ខាងក្រោយនិងបានប្រើប្រាស់លើផ្លូវសាធារណៈ ថតរូបបង្ហោះតាមបណ្ដាញសង្គម tik tok អួតអំពីម៉ូតូដែលខ្លួនបានកែច្នៃល្មើសនឹងច្បាប់ប្រាប់សាធារណៈជន។

ដោយបានគោលការណ៍ចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានចុះពិនិត្យនិងធ្វើកិច្ចសន្យាអប់រំណែនាំដល់ទីតាំងតែម្ដង ឈ្មោះ ឡាយ យូ បានទទួលស្គាល់កំហុស និងបានសន្យាចំពោះមុខសមត្ថកិច្ចថា ចាប់ពីថៃ្ងនេះតទៅបញ្ឈប់សកម្មភាពកែច្នៃម៉ូតូដែលប៉ះពាល់ដល់ផ្លូវច្បាប់ និងជាគំរូមិនល្អដល់សង្គមជាតិ សន្យាចូលរួមគោរពច្បាប់ក្នុងនាមជាពលរដ្ឋគំរូ ស្នើសុំអោយបងប្អូនប្រជាពលរដ្ឋ សាធារណជនក្នុងបណ្ដាញសង្គម tik tok facebook មេត្ដាយោគយល់អនុគ្រោះនិងលើកលែងកំហុសអចេតនាដែលខ្លួនបានប្រព្រឹត្ដមិនល្អ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Share This Post: