អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ១៣នាក់ ខណៈ ១សែននាក់ផ្សេងទៀតត្រូវបានជម្លៀសខ្លួន

BY
Pheakdey
January 2, 2024

ជប៉ុន៖ របាយការណ៍ចុងក្រោយមួយស្តីពីហេតុការណ៍រញ្ជួយដីក្នុងប្រទេសជប៉ុនដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន BBC ដោយគិតត្រឹមពេលថ្ងៃត្រង់នៃថ្ងៃទី២ ខែមករានេះបានឲ្យដឹងថា​ តួលេខអ្នកបាត់បង់ជីវិតបានបន្តកើនឡើងរហូតដល់ចំនួន ១៣នាក់ហើយ ខណៈជាច្រើននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ គ្រោះរញ្ជួយដីដែលបានផ្តើមកើតឡើងតាំងតែល្ងាចម្សិលមិញបានបង្កឲ្យការរំញ័រជាង ៩០ដង ខណៈគិតត្រឹមពេលនេះការរំញ័រហាក់បានស្ងប់ស្ងាត់ទៅវិញហើយ។

ចំពោះផលប៉ះពាល់ជាទូទៅវិញគឺមានមួយចំនួនដូចជា ពលរដ្ឋប្រមាណជា ៣៣,០០០គ្រួសារកំពុងរស់នៅដោយគ្មានភ្លើងអគ្លិសនីប្រើប្រាស់ ពលរដ្ឋប្រមាណជា ១០០,០០០នាក់ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅរស់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន​​ ផ្លូវថ្នល់មួយចំនួនត្រូវបានកាត់ផ្តាច់​ អគារមួយចំនួនត្រូវបានដួលរលំទាំងស្រុង ខណៈអាជ្ញាធរជប៉ុននៅមិនទាន់អាចវាយតម្លៃអំពីទំហំនៃការខូចខាតបាននៅឡើយទេ។ សូមបញ្ជាក់ជូនថា គ្រោះរញ្ជួយដីខាងលើនេះបានកើតឡើងក្នុងកម្រិត ៧,៦រ៉ិចទ័រ ដែលជាកម្រិតដ៏គ្រោះថ្នាក់មួយ ហើយអាជ្ញាធរជប៉ុនបានព្រមានផងដែរថា គ្រោះរញ្ជួយដីនេះក៏អាចបង្កឲ្យមានរលកស៊ូណាមីនៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

 

Share This Post: