ព័ត៌មានជាតិ

បុរសជនជាតិស្វីសម្នាក់ បើកបរម៉ូតូធំនៅលើផ្លូវល្បឿនលឿន ដោយលើកជើងដាក់លើដៃចង្កូត ត្រូវបានសមត្ថកិច្ចហៅមកអប់រំ ផាកពិន័យ និងចុះកិច្ចសន្យា

BY
Khmernote Media
January 2, 2024

ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បុរសជនជាតិស្វីស ដែលបានបើកបរម៉ូតូធំនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន នាំខ្លួនមកធ្វើការអប់រំណែនាំ ផាកពិន័យ និងចុះកិច្ចសន្យា បន្ទាប់ពីត្រូវបានប្រទះឃើញថា បុរសម្នាក់នោះ បានបើកបរម៉ូតូដោយភាពឆ្គាំឆ្គង (លើកជើងដាក់លើដៃចង្កូត) ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងផ្ទាល់ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះ ក្រើនរម្លឹកជាថ្មីអំពី លក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចេញចូលគន្លងទាំង ៣ប្រភេទ នៅលើផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវ ដើម្បីគោលការណ៍សុវត្ថិភាព ការជួយកាត់បន្ថយការកកស្ទះ និងមិនចំណាយពេលរង់ចាំយូរ តាមរយៈតំណភ្ជាប់ខាងក្រោម ដើម្បីចូលទៅទស្សនាវីដេអូណែនាំ។

ក្រសួងយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអ្នកបើកបរគ្រប់រូប នៅលើគ្រប់ប្រភេទផ្លូវថ្នល់ នឹងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកម្ពុជាមានអត្រាគ្រោះថ្នាក់ និងអត្រាបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ កាន់តែតិចទៅៗ ស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០ ដែលបានដាក់ចេញ និងផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ៕

តំណភ្ជាប់វីដេអូ

លក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿន
https://fb.watch/pjzrdAa2NI/?mibextid=v7YzmG

ការស្វែងយល់អំពីការចេញចូលគន្លងទាំង ៣ ប្រភេទ នៅលើផ្លូវល្បឿនលឿន
https://fb.watch/pjzmY1iha3/?mibextid=xOYQyo

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: