អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនត្រូវខាតបង់ប្រាក់អស់ជាង ១០០លានដុល្លារពីហេតុការណ៍យន្តហោះបុកគ្នា

BY
Pheakdey
January 4, 2024

ជប៉ុន៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines ត្រូវខាតបង់ប្រាក់អស់ប្រមាណជា ១៥ពាន់លានយេន (ជាង ១០៤ដុល្លារអាមេរិក) ពីហេតុការណ៍យន្តហោះបុកគ្នាកាលពីថ្ងៃទី២ ខែមករាកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃទី៤ ខែមករានេះ។ ប្រាក់ដែលត្រូវខាតបង់នោះគឺរួមបញ្ចូលទាំងថ្លៃខូចខាតយន្តហោះផ្ទាល់ ការបង់ប្រាក់ថ្លៃធានារ៉ាប់រង និងការខាតបង់ប្រាក់ចំណូលព្រោះតែឧបទ្ទវហេតុនោះផងដែរ។

គួររម្លឹកជូនថា នៅក្នុងថ្ងៃកើតហេតុនោះមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Airbus 350 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines​ ដែលត្រូវចុះចតក្នុងអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូបានប៉ះទង្គិចគ្នាជាមួយយន្តហោះមួយគ្រឿងរបស់ឆ្មាំសមុទ្រជប៉ុនដែលត្រូវចេញដំណើរយ៉ាងប្រញ៉ាប់ដើម្បីទៅជួយពលរដ្ឋរងគ្រោះដោយគ្រោះរញ្ជួយដី។ ឧបទ្ទវហេតុបានបណ្តាលឲ្យយន្តហោះ Airbus 350 ដែលមានផ្ទុកអ្នកដំណើរសរុបចំនួន ៣៧៩នាក់ត្រូវឆាបឆេះយ៉ាងខ្លាំង ប៉ុន្តែអ្នកដំណើរនៅលើយន្តហោះទាំងអស់បាននាំគ្នារត់ចេញពីយន្តហោះទាន់ពេលវេលាទើបគ្មានអ្នកណាម្នាក់ត្រូវរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ដោយឡែកសម្រាប់យន្តហោះខ្នាតតូចរបស់ឆ្មាំសមុទ្រជប៉ុនវិញក៏បានរងនូវការខូចខាតយ៉ាងខ្លាំងដែរ និងបានធ្វើឲ្យមនុស្សចំនួន ៥នាក់ក្នុងចំណោមមនុស្សសរុបចំនួន ៦នាក់នៅក្នុងយន្តហោះនោះត្រូវស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: