សូមរកផ្លូវវាង! រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍ ដើម្បីរៀបចំមីទ្ទិញអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា
- January 6, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរក្នុងការប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៦៖៣០នាទី នឹងមានការរៀបចំប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ក្នុងថ្ងៃពិធីខាងលើនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងតំបន់ជុំវិញអាចមាន ចរាចរមមាញឹកខ្លាំងដោយសារមធ្យោយបាយធ្វើដំណើររបស់ប្រជាពលរដ្ឋប្រមាណជាង ២០,០០០នាក់ ដែល អញ្ជើញចូលរួម។ ដូច្នេះដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការ កកស្ទះចរាចរ កម្លាំងមានសមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរ នៅតាមគោលដៅសំខាន់ៗមួយចំនួនជុំវិញ ទីតាំងប្រារព្ធពិធី។ ដោយឡែកចំពោះការផ្តល់សេវាចម្លងនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ត្រូវបានប្តូរជាបណ្តោះអាសន្នទៅកំពង់ចម្លងជ្រោយចង្វារ-អរិយក្សត្រ នៅវេលាព្រឹកនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៥៖០០នាទី រហូតដល់ចប់កម្មវិធីប្រហែលវេលាម៉ោង ១០៖០០នាទី។ ក្រោយចប់កម្មវិធីខាងលើ ការផ្តល់សេវាចម្លងនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ត្រូវបានដំណើរការដូចប្រក្រតីឡើងវិញ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការបញ្ចៀសចរាចរ ការរំខានដោយការកកស្ទះចរាចរជាយថាហេតុ និងការប្តូរទីតាំងផ្តល់សេវាចម្លងនៅ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ តាមកាលបរិច្ឆេទខាងលើដោយក្ដីអនុគ្រោះ៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
- Share This Post:






