ពលរដ្ឋថៃកំពុងមានការភ្ញាក់ផ្អើលចំពោះការរកឃើញត្រី “Oarfish” ដោយពួកគេជឿថាត្រីនេះជាសញ្ញានៃការមកដល់គ្រោះមហន្តរាយ
- BY
- Pheakdey
- January 6, 2024
ថៃ៖ ពលរដ្ឋថៃមួយចំនួនកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរកឃើញសត្វត្រីដែលជាពូជត្រីកម្រមួយប្រភេទនៅសមុទ្រប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៦ ខែមករានេះ។ ត្រីនេះមានឈ្មោះថា “Oarfish” ជាប្រភេទត្រីរស់នៅក្នុងសមុទ្រទឹកជ្រៅ និងជាទូទៅគេកម្រនឹងនេសាទវាបានដោយប្រើវិធីនេសាទដូចត្រីសាមញ្ញទូទៅណាស់។

យ៉ាងណាក្តី កាលពីពេលថ្មីៗនេះក្រុមអ្នកនេសាទសមុទ្រនៅក្នុងខេត្ត Satun ភាគខាងត្បូងប្រទេសថៃអាចចាប់បានត្រី Oarfish មួយក្បាលក្នុងពេលធ្វើការនេសាទនៅទឹករាក់ធម្មតា ខណៈតាមលក្ខណៈធម្មជាតិត្រីប្រភេទនេះតែងរស់នៅក្រោមបាតសមុទ្រក្នុងជម្រៅចន្លោះពី ៥០-១,០០០ម៉ែត្រ។ បើតាមជំនឿរបស់ពលរដ្ឋថៃពួកគេជឿថា ឲ្យមានតែត្រី Oarfish បង្ហាញខ្លួនគឺវាជាសារមួយដែលព្រះអទិទេពសមុទ្រចង់ប្រាប់ថា គ្រោះមហន្តរាយនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាក្តី បើតាមលោកសាស្រ្តាចារ្យ Thamrongnawasawat ប្រចាំនៅសាកលវិទ្យាល័យជលផល Kasetsart បានបញ្ជាក់ថា ដ្បិតតែការរកឃើញត្រី Oarfish គឺជារឿងកម្រ តែវាគ្រាន់តែជាលក្ខខណ្ឌតាមបែបធម្មជាតិប៉ុណ្ណោះ ហើយនាពេលកន្លងមកប្រទេសជាច្រើននៅជុំវិញពិភពលោកក៏ធ្លាប់ចាប់បានត្រីប្រភេទនេះដែរ ខណៈប្រទេសទាំងអស់នោះហាក់មិនបានជួបប្រទះនូវគ្រោះមហន្តរាយអ្វីឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






