ព័ត៌មានជាតិ

តំណាងអយ្យការ សម្រេចចោទប្រកាន់ជនភេទទី៣ និងបក្ខពួកសរុប៥នាក់ ដែលព្រួតធ្វើបាបសិស្សស្រីម្នាក់ នៅខណ្ឌកំបូល

BY
Khmernote Media
January 8, 2024

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនភេទទី៣ និងបក្ខពួកសរុបចំនួន៥នាក់ ដែលព្រួតគ្នាវាយសិស្សស្រីម្នាក់នៅខណ្ឌកំបូល ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមការបញ្ជាក់ពីលោក វ៉ិត មឃៈ អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រចាំសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។ តាមនីតិវិធីក្រោយការចោទប្រកាន់ពីតំណាងអយ្យការ នោះសំណុំរឿងនេះ នឹងត្រូវគេបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់ ហើយជោគវាសនារបស់ជនត្រូវចោទ ដែលជាជនភេទទី៣ រួមជាមួយបក្ខពួកសរុប៥នាក់ទៀតថា តើត្រូវឃុំខ្លួន ឬមិនឃុំខ្លួនដាក់ពន្ធនាគារ ជាឆន្ទានុសិទ្ធរបស់ចៅក្រមដែលទទួលបន្ទុកក្នុងសំណុំរឿងខាងលើនេះ។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នគរបាលខណ្ឌកំបូលអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទៅឃាត់ខ្លួនក្រុមក្មេងដែលបានប្រើអំពើហិង្សា លើក្មេងស្រីម្នាក់នៅខណ្ឌកំបូល នៅចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូលដើម្បីយកមកអនុវត្តតាមនីតិវិធី។

ក្រុមក្មេងស្រីបង្កហិង្សាទាំងនេះ បានជិះម៉ូតូគេចខ្លួនដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយបានធ្វើសកម្មភាពវាយក្មេងស្រីម្នាក់ ហើយបានបង្ហោះវីដេអូហិង្សានេះតាមបណ្តាញសង្គមនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤៕

ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

Share This Post: