អន្តរជាតិ

ត្រីសាឌីនរាប់សិបតោនអណ្តែតមកកាន់ឆ្នេរសមុទ្រហ្វីលីពីនយ៉ាងកម្របំផុត ខណៈពលរដ្ឋមួយចំនួនជឿថាវាគឺជាសារប្រទានពរពីព្រះជាម្ចាស់

BY
Pheakdey
January 8, 2024

ហ្វីលីពីន៖ ត្រីសាឌីនរាប់សិបតោនបានអណ្តែតមកលើឆ្នេរសមុទ្រក្នុងក្រុង Maasim ខេត្ត Sarangani ប្រទេសហ្វីលីពីនយ៉ាងកម្របំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន B World Online។ ត្រីបានអណ្តែតមកកាន់ឆ្នេរតាំងតែពីល្ងាចថ្ងៃអាទិត្យម្ល៉េះ ខណៈពលរដ្ឋហ្វីលីពីនជាច្រើនរយនាក់បាននាំគ្នាទៅចាប់យកត្រីទាំងនោះយ៉ាងងាយស្រួលបំផុតដោយមិនចាំបាច់ប្រើវិធីនេសាទអ្វីឡើយ ពោលគឺគ្រាន់តែទៅកើបយកត្រីទាំងនោះដាក់ក្នុងធុង និងស្បោងជាការស្រេច។

ប្រភពខាងលើបានបន្តថា ពលរដ្ឋម្នាក់ៗអាចប្រមូលបានត្រីទាំងនោះក្នុងចន្លោះពី ២០-៣០គីឡូក្រាមសម្រាប់យកទៅធ្វើជាអាហារ ហាលងៀត ឬអាហារកែច្នៃផ្សេងៗ។ បើតាមក្រុមអ្នកជំនាញផ្នែកជលផលបានពន្យល់ថា បាតុភូតខាងលើនេះអាចបណ្តាលមកពីការផ្លាស់ប្តូរសីតុណ្ណភាពនៅក្នុងទឹកសមុទ្រយ៉ាងឆាប់រហ័ស ការប្រែប្រួសទិសដៅទឹករលក រួមជាមួយនឹងបញ្ហាខ្វះខាតប្លង់តុងសម្រាប់ចិញ្ចឹមពួកវាផង ទើបពួកគេត្រូវងាប់ និងអណ្តែតមកកាន់ឆ្នេរយ៉ាងកកកុញដូចនេះ។ យ៉ាងណាក្តី សម្រាប់ពលរដ្ឋហ្វីលីពីនមួយចំនួនបាននាំគ្នាជឿថា វត្តមានរបស់ត្រីសាឌីនទាំងនេះ គឺជា​សារប្រទានពរពីព្រះជាម្ចាស់ ពោលគឺជាពរជ័យពីព្រះជាម្ចាស់សម្រាប់នៅក្នុងឆ្នាំថ្មីនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ B World Online

Share This Post: