អន្តរជាតិ

អ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ១៦៨នាក់ និងអ្នកបាត់ខ្លួនកើនឡើងដល់ ៣២៣នាក់

BY
Pheakdey
January 8, 2024

ជប៉ុន៖ ជាងមួយសប្តាហ៍ក្រោយទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ អាជ្ញាធរជប៉ុនហាក់នៅមិនទាន់អាចដោះស្រាយបញ្ហាដែលបង្កឡើងដោយគ្រោះធម្មជាតិមួយនេះបានទាំងស្រុងនៅឡើយទេ ហើយតួលេខអ្នកស្លាប់និងអ្នកបាត់ខ្លួនបានបន្តកើនឡើងគួរឲ្យកត់សម្គាល់។ យោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃចន្ទ ទី៨ ខែមករានេះបានបញ្ជាក់ថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតបានកើនឡើងរហូតដល់ ១៦៨នាក់ ខណៈតួលេខនេះមានត្រឹម ១០០នាក់ប៉ុណ្ណោះកាលពីចុងសប្តាហ៍កន្លងទៅ។

ដោយឡែកចំពោះតួលេខអ្នកកំពុងបាត់ខ្លួនវិញក៏បានកើនឡើងផងដែរ ពោលគឺកើនឡើងពីខ្ទង់ជាង ២០០នាក់កាលពីចុងសប្តាហ៍កន្លងទៅ មកដល់ចំនួន ៣២៣នាក់ដោយគិតត្រឹមពេលចុះផ្សាយនេះ។ ការកើនឡើងនៃចំនួនអ្នកបាត់ខ្លួននេះគឺដោយសារតែនាពេលកន្លងមកពលរដ្ឋរងគ្រោះមួយចំនួនខកខានមិនបានរាយការណ៍អំពីករណីបាត់សមាជិកក្នុងគ្រួសារពួកគាត់ទៅកាន់អាជ្ញាធរនោះទេ ដ្បិតអ្នកខ្លះបានរងរបួសធ្ងន់ធ្ងររហូតសន្លប់បាត់បង់ស្មារតី អ្នកខ្លះបានជាប់នៅក្រោមគំនរបាក់បែក ឬបានជម្លៀសខ្លួនទៅដល់ទីតាំងណាមួយឆ្ងាយពីអាជ្ញាធរមូលដ្ឋាន។ តាមការសន្និដ្ឋានពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងអស់នោះមានសង្ឃឹមតិចតួចណាស់ក្នុងការនៅរស់រានមានជីវិត ព្រោះហេតុការណ៍រញ្ជួយដីបានកើតឡើងតាំងតែពីថ្ងៃទី១ ខែមករាម្លេះ ហើយរហូតមកទល់នឹងពេលនេះបើពួកគេត្រូវជាប់នៅក្រោមគំនរបាក់បែកក៏ពួកគេត្រូវប្រឈមនឹងការស្លាប់ដោយគ្មានអាហារទទួលទានដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: