ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៦០៥ករណីកាលពីថ្ងៃម្សិលមិញ ខណៈក្នុងនោះមាន ៤ករណីបានបាត់បង់ជីវិត
- BY
- Pheakdey
- January 9, 2024
ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦០៥ករណីដោយគិតត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយនេះ ពោលគឺពេញមួយថ្ងៃនៃថ្ងៃចន្ទ ទី៨ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Times of India នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមករា។ មេរោគនៃជំងឺកូវីដ-១៩ ដែលកំពុងតែបង្កការរាតត្បាតជាថ្មីនៅក្នុងប្រទេសឥណ្ឌានោះគឺជាមេរោគបំប្លែងខ្លួនប្រភេទ JN.1។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកឆ្លងថ្មីខាងលើនេះគឺមានអ្នកឆ្លងចំនួន ៤ករណីជាករណីធ្ងន់ធ្ងររហូតត្រូវស្លាប់បាត់បង់ជីវិត ហើយនៅក្នុងចំណោមអ្នកស្លាប់ទាំង ៤នាក់នោះទៀតសោធគឺជាក្រុមអ្នកជំងឺដែលមានអាយុចន្លោះពី ៤៨ឆ្នាំ រហូតដល់ ៨១ឆ្នាំ។ គួរបញ្ជាក់ជូនថា ទីតាំងដែលកំពុងមានការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌានៅពេលនេះគឺមានចំនួន ១២រដ្ឋ ដូចជានៅក្នុង រដ្ឋ Karnataka, រដ្ឋ Kerala, រដ្ឋ Maharashtra, រដ្ឋ Goa, រដ្ឋ Gujarat, រដ្ឋ Andhra Pradesh, រដ្ឋ Rajasthan, រដ្ឋ Tamil Nadu, រដ្ឋ New Delhi, រដ្ឋ Odisha រដ្ឋ Telangana និងរដ្ឋ Haryana ជាដើម ហើយបើគិតតាំងតែពីដើមឆ្នាំ២០២៤មក ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី សរុបចំនួន ៦៨២ករណី៕

អត្ថបទ៖ ភក្តី
ប្រភព៖ Times of India
- Share This Post:






