អន្តរជាតិ

ការងារអេមហួស! បុរសម្នាក់តែងខ្លួនជាអ៊ូខុងជាប់ក្នុងរូងភ្នំរង់ចាំញ៉ាំអាហារគេបញ្ចុកអាចទទួលបានប្រាក់ខែជិត ១ពាន់ដុល្លារ

BY
Pheakdey
January 9, 2024

ចិន៖ ខណៈដែលមនុស្សមួយចំនួនកំពុងពិបាកស្វែងរកការងារធ្វើនៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមជាមួយនឹងវិបត្តិសេដ្ឋកិច្ចនោះ មានបុរសជនជាតិចិនម្នាក់ស្រាប់តែទទួលបានការងារដ៏កម្រមួយ ពោលគឺគ្រាន់តែស្លៀកពាក់និងតុបតែងខ្លួនជាតួអង្គ “ស្វាអ៊ូខុង” រង់ចាំញ៉ាំអាហារដែលគេបញ្ចុក ខណៈប្រាក់ខែរបស់គាត់វិញគឺជិតមួយពាន់ដុល្លារឯណោះ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ស្តេចស្វាអ៊ូខុងខាងលើនេះបានបង្ហាញវត្តមាននៅក្នុងតំបន់ទេសចរណ៍ Taihang Wuzhishan Scenic Area ដែលជាតំបន់ភ្នំស្ថិតនៅក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន ហើយអ្វីដែលកំពុងតែសម្តែងនោះ គឺជាឈុតឆាកមួយនៅរឿង “សេ្តចស្វាស៊ុនអ៊ូខុង” ត្រង់ចំណុចដែលអ៊ូខុងត្រូវជាប់ក្រោមភ្នំសង្កត់អស់រយៈពេលរាប់រយឆ្នាំ។

ដោយផ្អែកលើសាច់រឿងនេះភ្ញៀវទេសចរជាច្រើនជាពិសេសគឺក្មេងៗតែម្តង បានយកចំណីអាហារផ្សេងៗទៅបញ្ចុកស្វាអ៊ូខុងដែលកំពុងសម្តែងនៅក្នុងរូងភ្នំសិប្បនិម្មិតនោះ។ ប្រភពខាងលើបានបន្តថា បុរសដែលតែងខ្លួនជាអ៊ូខុងនោះអាចទទួលបានប្រាក់ខែរហូតដល់ ៦,០០០យន់ (៨៤៥ដុល្លារអាមេរិក) ក្នុងមួយខែ ហើយថ្មីៗនេះរូបគាត់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គមក្នុងប្រទេសចិន និងបណ្តាញសារព័ត៌មានមួយចំនួននៅក្រៅប្រទេសចិនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: