សម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅកាន់ទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិម្មិតថ្មី
- January 9, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិម្មិត ដែលសម្ដេចបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមកហើយនោះ (១៩៩០-២០២៤)។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា៖ កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ន ដើម្បីផលិតកែវភ្នែកសិប្បនិម្មិត ដែលខ្ញុំបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមក ហើយ (១៩៩០-២០២៤)។ សម្ដេចតេជោបន្តថា ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន ខ្ញុំមិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលខ្ញុំប្រើ ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែកនិងឈឺក្បាល។ កាលពីឆ្នាំ២០១៧រដ្ឋាភិបាលជប៉ុនជួយ ផលិត ជាជំនួយចំនួន៥គ្រាប់ លើកនេះភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀត ដែលអាច ប្រើបាន រយៈពេល១០ឆ្នាំទៀតគឺ១ឆ្នាំប្រើមួយគ្រាប់។
សម្ដេចតេជោគូសបញ្ជាក់ថា នេះជាលទ្ធផលនៃប្រទេសដែលមានសង្រ្គាម ដូចនេះហើយបានជាខ្ញុំដឹកនាំស្វែងរកសន្តិភាពនិងរក្សាសន្តិភាព។ សូមអរគុណរដ្ឋាភិបាល ជប៉ុននិងគ្រូពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែក ខ្ញុំរយៈពេល៣៤ឆ្នាំកន្លងមក៕



- Share This Post:






