ករណីព្រួតធ្វើបាបលើសិស្សស្រីម្នាក់នៅខណ្ឌកំបូល តុលាការសម្រេចដាក់ឱ្យនៅក្រៅឃុំចំនួន ៣នាក់ និង២នាក់ទៀត បញ្ជូនទៅមណ្ឌលស្តារនីតិសម្បទារ
- January 10, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ ជនភេទទី៣ និងបក្ខពួកសរុប៥នាក់ ដែលព្រួតវាយសិស្សស្រីនៅខណ្ឌកំបូល ត្រូវបានតុលាការសម្រេចដាក់ឲ្យជនត្រូវចោទ៣នាក់ នៅក្រៅឃុំ តែក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការ និង២នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទារ។

សូមបញ្ជាក់ថា ជនទាំង៥នាក់ ត្រូវបានលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ សម្រេចចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត» តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ក្រុមសិស្សបង្កហិង្សាទាំង ៥នាក់រួមមាន៖
– ទី១៖ ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅ Cherry ភេទប្រុស (ភេទទី៣) អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះលេខ៣៦ បុរីពិភពថ្មី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ (ជាអ្នកវាយលើជនរងគ្រោះ)
– ទី២៖ ឈ្មោះ យាន រស្មី ហៅម៉ី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ (ជាអ្នកវាយលើជនរងគ្រោះ)
– ទី៣៖ ឈ្មោះ ហូយ ម៉ូលុច្យ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ (ជាអ្នកថត)
– ទី៤៖ ឈ្មោះ គង់ ស៊ីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ (ជាអ្នកថត)
– ទី៥៖ ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ។ (ជាអ្នកដឹកជនរងគ្រោះ និងជាអ្នកចាក់រុក)
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នគរបាលខណ្ឌកំបូលអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទៅឃាត់ខ្លួនក្រុមក្មេងដែលបានប្រើអំពើហិង្សា លើក្មេងស្រីម្នាក់នៅខណ្ឌកំបូល នៅចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូលដើម្បីយកមកអនុវត្តតាមនីតិវិធី។
ក្រុមក្មេងស្រីបង្កហិង្សាទាំងនេះ បានជិះម៉ូតូគេចខ្លួនដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយបានធ្វើសកម្មភាពវាយក្មេងស្រីម្នាក់ ហើយបានបង្ហោះវីដេអូហិង្សានេះតាមបណ្តាញសង្គមនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤៕







ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:






