ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើឱ្យរៀបចំចៅក្រមទទួលបន្ទុកដោះស្រាយសំណុំរឿង ពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន
- January 10, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើឱ្យរៀបចំចៅក្រមទទួលបន្ទុកដោះស្រាយសំណុំរឿង ពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន ដើម្បីពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

ក្នុងសន្និសីទសារព័ត៌មាន ការដាក់ចេញយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ បានមានប្រសាសន៍ថា សំណុំរឿងពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន មានប្រមាណជាង៦,០០០ករណី នៅសាលាជម្រះក្ដីទូទាំងប្រទេស ដែល២៣ភាគរយ នៃសំណុំរឿង រដ្ឋប្បវេណីសរុប ហើយដើម្បីដោះស្រាយបញ្ហានេះ ក្រសួងយុត្តិធម៌ នឹងស្នើសុំឱ្យរៀបចំចៅក្រមទទួលបន្ទុកលើការងារនេះតែម្ដង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្តថា ចំនួនពាក្យបណ្ដឹងអំពីបញ្ហាអត្រានុកូលដ្ឋាននេះ គឺមានចំនួនច្រើនដែលប្រជាពលរដ្ឋប្ដឹង ដោយសារបញ្ហាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ដែលតាមច្បាប់ត្រូវដោះស្រាយនៅតុលាការ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា អត្រានុកូលដ្ឋាន គឺជាឯកសារដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ ខណៈដែលនៅពេលមាន បញ្ហាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ប្រជាពលរដ្ឋត្រូវប្ដឹងទៅតុលាការ ហើយនៅពេលតុលាការប្រើរយៈពេលយូរ ក្នុងការដោះស្រាយពាក្យនោះ នឹងលេចឡើងនូវរឿងរ៉ាវផ្សេងៗ មិនខានឡើយ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ពាក់ព័ន្ធរឿងទាក់ទងបញ្ហាអត្រានុកូលដ្ឋាន បើមានបញ្ហាមិនប្រក្រតី ប្រជាពលរដ្ឋប្ដឹងមក ជាមួយនឹងខាងលេខាធិការដ្ឋាន គ្រប់រឿងទាំងអស់ ក្នុងករណីទុករឿងឱ្យយឺត ឬក៏មានករណីដែលថា ទាម ទារផលប្រយោជន៍ផ្សេងៗ សូមប្ដឹងមកលេខាធិការដ្ឋាន ដើម្បីឱ្យលេខាធិការដ្ឋានដោះស្រាយជូនឱ្យបានឆាប់។
«ខ្ញុំសូមយករឿងនេះ ធ្វើការងារជាមួយតុលាការ យកការទទួលខុសត្រូវមួយ និងស្នើសុំឱ្យចៅក្រមនៅទូទាំងប្រទេស សាលាជម្រះក្ដីទូទាំងប្រទេស រៀបចំឱ្យមានចៅក្រមដែលទទួលបន្ទុកលើការងារនេះ ហើយស្នើសុំក្នុងការអនុវត្តនេះ គឺមានតែ ២គត់ លឿន ហើយនិងត្រឹមត្រូវ។
ពេលខ្លះគាត់ត្រូវការឯកសារ ដើម្បីធ្វើការងារផ្សេង ប៉ុន្តែទុកទៅវាយូរ យូរហើយចាប់ផ្តើមមានរឿងរញ៉េរញ៉ៃមកហើយ ដើម្បីលឿនត្រូវការរុញហើយឥឡូវអត់ទេ ហើយតាមរយៈនេះសូមប្រកាសតែម្តងរឿងទាក់ទងបញ្ហាអត្រានុកូលដ្ឋាន បើមានបញ្ហាមិនប្រក្រតី ប្តឹងមកជាមួយខាងលេខាធិការដ្ឋាន គ្រប់រឿងទាំងអស់ »។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានបញ្ជាក់ដែរថា នឹងជួបជាមួយមន្ត្រីតុលាការនៅទូទាំងប្រទេស លើបញ្ហាសំណុំរឿង ស្ដីពី បញ្ហាអត្រានុកូលដ្ឋាននេះ ដែលកំពុងមានចំនួនច្រើន នៅតាមសាលាជម្រះក្ដីទូទាំងប្រទេស ពោលគឺមានរហូតដល់ ២៣ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីសរុប ដើម្បីដោះស្រាយឱ្យបានឆាប់។
គួរជម្រាបដែរថា កាលពីពាក់កណ្តាលឆ្នាំ២០២៣ រដ្ឋសភា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ខណៈដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ សំដៅពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងការលើក កម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






