អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធទាំងស្រុងចំពោះការចុះផ្សាយថា «ឈ្មួញទុច្ចរិតលួចនាំចូលសំបកកង់រថយន្តជជុះពីប្រទេសថៃ តាមច្រករបៀងមួយកន្លែងក្បែរច្រកទ្វារអន្តរជាតិភ្នំដី ក្នុងខេត្តបាត់ដំបង »
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ចំពោះការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ ដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ថា «ឈ្មួញទុច្ចរិតលួចនាំចូលសំបកកង់រថយន្តជជុះពីប្រទេសថៃ តាមច្រករបៀងមួយកន្លែងក្បែរច្រកទ្វារអន្តរជាតិភ្នំដី ស្ថិតនៅភូមិចាបយំ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជាក់ស្តែងច្រករបៀងមួយនេះ ត្រូវបានគេ ដឹកដុំថ្មយកទៅរៀបបន្តុបលើគ្នា ធ្វើជាផ្លូវសម្រាប់ដឹកជញ្ជូនទំនិញឆ្លងអូរព្រំដែន។»

បន្ទាប់ពីបានឃើញការចុះផ្សាយខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់មន្ត្រីជំនាញចុះ ស្រាវជ្រាវករណីនេះ គឺពិតជាមានករណីប្រទះឃើញសំបកកង់រថយន្តនេះប្រាកដមែន ដោយកាលពីថ្ងៃទី ១២/០៧/២០២៣ វេលាម៉ោង១០៖០០នាទី កម្លាំងប៉ុស្តិ៍បានល្បាតតាមរង្វង់ភូមិសាស្ត្រស្លាបឆ្វេង-ស្ដាំរបស់ ប៉ុស្តិ៍ ក៏បានប្រទះឃើញសំបកកង់រថយន្តជជុះនិងថ្មីប្រមាណ៣០គ្រាប់ នៅក្បែរបរិវេណផ្ទះប្រជាពលរដ្ឋមួយ កន្លែងជិតមាត់អូរព្រំដែនក្នុងភូមិសាស្ត្រស្លាបស្តាំ និងបានសួរនាំប្រជាពលរដ្ឋនៅក្បែរៗនោះ ប៉ុន្តែពួកគាត់ពុំបានដឹងនោះទេ បន្ទាប់មកប៉ុស្តិ៍បានចាត់កម្លាំងឃ្លាំមើល ក៏នៅតែពុំឃើញមានម្ចាស់មកយក។ ក្រោយមក កម្លាំងប៉ុស្តិ៍ ក៏បានប្រមូលយកសំបកកង់រថយន្តទាំងនោះមករក្សាទុកជាភស្តុតាងនៅប៉ុស្តិ៍ រហូតមកដល់ បច្ចុប្បន្ននេះ មិនទាន់ឃើញមានម្ចាស់មកទាមទារយកទៅវិញនោះទេ ហើយក៏ពុំមានករណីដូចខាងលើកើតឡើងបន្តទៀតនោះទេ។ ចំពោះត្រង់ឃ្លាមួយដែលបានសរសេរថា “ជាក់ស្តែងច្រករបៀងមួយនេះត្រូវបានគេនោះ ដឹកដុំថ្មយកទៅរៀបបន្តុបលើគ្នាធ្វើជាផ្លូវសម្រាប់ដឹកជញ្ជូនទំនិញឆ្លងអូរព្រំដែន” អគ្គនាយកដ្ឋាន សូមធ្វើការ បដិសេធទាំងស្រុង ព្រោះនៅតាមបណ្ដោយមាត់អូរព្រំដែន ពុំអាចបើកបរម៉ូតូ-រថយន្តចូលដល់មាត់អូរបានទេ ហើយថ្មទាំងនោះសុទ្ធសឹងតែជាថ្មធម្មជាតិដែលមានតាំងពីយូរណាស់មកហើយ និងមិនមានបុគ្គលណាមួយមានសិទ្ធិអាចចាក់លុប ឬកែប្រែអូរព្រំដែនឲ្យខុសពីសភាពដើមបានឡើយ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានការសោកស្តាយយ៉ាងខ្លាំងចំពោះសារព័ត៌មានក្នុងស្រុក ដែលចុះផ្សាយអត្ថបទខាងលើដោយពុំបានទំនាក់ទំនងសុំការបំភ្លឺពីអង្គភាពជាមុន ដែលនាំឲ្យមានការយល់ច្រឡំពីសាធារណជន និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នគរបាលច្រកទ្វារព្រំ ដែនអន្តរជាតិភ្នំដីទាំងមូល៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI