របាយការណ៍មួយបង្ហាញថា មានកុមារថៃជិត ៣០០នាក់បានបាត់ខ្លួននៅក្នុងឆ្នាំ២០២៣
- BY
- Pheakdey
- January 12, 2024
ថៃ៖ នៅក្នុងឆ្នាំ២០២៣កន្លងទៅមានក្មេងចំនួន ២៩៦នាក់បានបាត់ខ្លួន នេះបើយោងតាមរបាយការណ៍មួយរបស់អង្គការ Mirror Foundation ដែលជាអង្គការក្រៅរដ្ឋាភិបាលធ្វើការផ្តោតសំខាន់ក្នុងការស្វែងរកមនុស្សបាត់ខ្លួនក្នុងប្រទេសថៃ ខណៈរបាយការណ៍នេះត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី១២ ខែមករានេះ។ បើគេធ្វើការប្រៀបធៀបតួលេខក្មេងបាត់ខ្លួននៅក្នុងឆ្នាំ២០២៣ទៅនឹងតួលេខនៅក្នុងឆ្នាំ២០២២គឺមានការកើនឡើង ១៧% ហើយវាក៏ជាតួលេខក្មេងបាត់ខ្លួនខ្ពស់បំផុតមិនធ្លាប់មានផងដែរនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

នៅក្នុងរបាយការណ៍ខាងលើនេះបានបញ្ជាក់ថា នៅក្នុងចំណោមកុមារបាត់ខ្លួនទាំងអស់ខាងលើនេះគឺមានកុមារចំនួន ១៧២នាក់ឬស្នើនឹង ៥៨% បានបាត់ខ្លួនដោយសារតែពួកគេសម្រេចចិត្តរត់ចេញពីផ្ទះក្រោមហេតុផលផ្សេងៗដូចជាគេចចេញពីបញ្ហាក្នុងគ្រួសារ ឬញៀននឹងហ្គេមជាដើម ខណៈ ១៩%បានបាត់ខ្លួនដោយសារតែបញ្ហាមានសតិមិនប្រក្រតី។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា នៅក្នុងចំណោមកុមារដែលបាត់ខ្លួនទាំងអស់គឺមានកុមារដែលមានអាយុចន្លោះពី ១១-១៥ឆ្នាំច្រើនជាងគេ ពោលគឺមានចំនួនរហូតដល់ ១៣៨នាក់។ ចំពោះតួលេខក្មេងមានអាយុក្រោម ១០ឆ្នាំដែលបានបាត់ខ្លួនវិញគឺមានចំនួន ៦២នាក់ ខណៈក្មេងបាត់ខ្លួនចំនួន ៩៦នាក់គឺមានអាយុចន្លោះពី១៦-១៨ឆ្នាំ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






