ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យចាប់រាល់អ្នកបើកបរម៉ូតូពីមុខ រថយន្តសង្គ្រោះបន្ទាន់ ឬឡានពេទ្យ ដើម្បីបង្ការពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍

BY
Khmernote Media
January 13, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីរាជធានីភ្នំពេញ បានបញ្ជាឱ្យចាប់រាល់អ្នកបើកបរម៉ូតូពីមុខ រថយន្តសង្គ្រោះបន្ទាន់ ឬឡានពេទ្យ ដើម្បីបង្ការពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍។


នៅក្នុងកិច្ចសម្ភាសន៍របស់សារព័ត៌មានក្នុងស្រុក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមិនមានគោលការណ៍ទេ ខ្ញុំដាក់បទបញ្ជាតែម្ដង ការិយាល័យជំនាញចរាចរណ៍ទាំងអស់ និងអធិការខណ្ឌដែលចេញអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឱ្យតែឃើញរថយន្តដឹកសង្គ្រោះ បើសិនជាមានម៉ូតូយុវជនជ្រែបើកផ្លូវ សូមចាប់ឃាត់ឱ្យខ្ញុំ ដូច្នេះខ្ញុំបាទ បានបញ្ជា៣ខែហើយ យើងបានធ្វើកិច្ចសន្យា ហើយក្រុមនេះមិនមែនជាបុគ្គលនឹកឃើញធ្វើទេ គាត់រៀបចំជាក្រុម មានមេ មានកើយត្រឹមត្រូវ អ៊ឺចឹងទេគឺពួកគាត់មិនធ្វើដោយស្មគ្រ័ចិត្តនោះទេ។

ក្នុងកិច្ចសម្ភាសន៍នេះផងដែរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងនៅចំនុចទី១. ក្រុមនេះធ្វើដើម្បីទាមទារកម្រៃពីជនរងគ្រោះដែលមានជំងឺឈឺស្កាត់ នេះគឺជាការបង្កើតក្រុមអំពើដែលខុសច្បាប់ សិទ្ធអទិភាពរថយន្តសង្គ្រោះ គាត់មានសិទ្ធអទិភាពរួចហើយ គ្រប់មហាជន ពិភពលោក ជាពិសេសកម្ពុជា ដែលយើងគោរពណាស់ អំពីក្រមសីលធម៌ គ្រាន់តែលឺ សារ៉ែននេះ បើងាកទៅណា គឺងាកហើយ រថយន្តពេទ្យ ជាមួយរថយន្តអគ្គិភ័យ អ៊ឹចឹងទេ គឺសូមឱ្យបញ្ឈប់ទៅ ព្រោះខ្ញុំបាទ បានឱ្យកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកបានធ្វើករណីនេះ ហើយនិងអធិការខណ្ឌនេះ ដោយមានកិច្ចសន្យាហើយ បើមានលើកទី២ ខ្ញុំនឹងចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការតែម្ដង មិនឱ្យមានទេ។ នៅតាមដងផ្លូវ គឺថាមានអទិភាពនគរបាលបើកផ្លូវហើយ ឱ្យតែរថយន្តថ្នាក់ដឹកនាំមានសារ៉ែន ទី២មានរថយន្តសង្គ្រោះនេះ គឺថាអទិភាពខ្លាំងណាស់ មិនបាច់ប៉ូលិសចរាចរណ៍ ប៉ូលិសណាទៅទប់ស្កាត់នោះទេ។ អ្នកបើកបរទាំងអស់ ត្រូវតែបន្ថយល្បឿន និងអេបតាមវិធីណាបាន គឺឱ្យទៅហើយ នេះជាសារមួយចាំបាច់ ហើយខ្ញុំចាប់បង្ខំ មិនឱ្យមានដាច់ខាតចាប់ពីពេលនេះតទៅ ព្រោះថាខ្ញុំបានដាក់បទបញ្ជាហើយ ប៉ុន្តែឥឡូវនៅឃើញមានមួយៗទៀត។ ដូច្នេះសូមអំពាវនាវ ដល់ក្រុមយុវជនទាំងនោះ បញ្ឈប់មិនត្រូវអមរថយន្តពេទ្យទេ ព្រោះខ្ញុំតាមដានទៅ គឺមានមនុស្សបាត់បង់ជីវិតចំនួន ១២នាក់ហើយ សូមបញ្ឈប់ទៅ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងបន្ថែមនៅចំនុចទី២ ដោយសូមឱ្យចរាចរណ៍ និងអធិការខណ្ឌទាំងអស់ ព្យាយាមពិនិត្យនៅតាមដងផ្លូវ មានត្រូវឃាត់នឹងចាប់ទុក ហើយមុននឹងអប់រំ មុននឹងអនុគ្រោះ ត្រូវតែរាយការណ៍ សូមយោបល់មកខ្ញុំថា យើងឆែកមើល ក្រុមគាត់នឹង យើងបានអប់រំរួចហើយ ឬនៅ? ខ្ញុំធ្លាប់ជួបមួយក្រុម ដែលខ្ញុំបានឱ្យចរាចរណ៍ផ្លូវគោកហៅមកធ្វើការងារនេះ គាត់ចង់បង្កើតអំពីភ្លើង អំពីខោអាវទៀត ហើយការបង្កើតនេះគឺខុសច្បាប់ ដូច្នេះចាប់ពីថ្ងៃនេះ តាមការផ្សព្វផ្សាយ សំណូមពរឱ្យបញ្ឈប់ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនលើកលែងទេ ព្រោះក្រុមយុវជននេះ ជាអ្នកបង្កបន្ទាប់មកទៀត ដែលធ្វើឱ្យភាពអាណាធិបតេយ្យបាត់សណ្ដាប់ធ្នាប់នៅក្នុងសង្គម ៕

ប្រភព៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ

Share This Post: