ជុំវិញករណីពុករលួយទិញ-លក់ឧបករណ៍តេស្តកូវីដ-១៩ទ្រង់ទ្រាយធំនៅវៀតណាម អតីតរដ្ឋមន្ត្រីម្នាក់ត្រូវជាប់ពន្ធនាគារ ១៨ឆ្នាំ ខណៈម្ចាស់ក្រុមហ៊ុនម្នាក់ត្រូវជាប់ ២៩ឆ្នាំ
- BY
- Pheakdey
- January 13, 2024
វៀតណាម៖ តុលាការវៀតណាមបានកាត់ទោសអតីតរដ្ឋមន្ត្រីចំនួន ២រូបឲ្យជាប់ពន្ធនាគារពី ៣ឆ្នាំដល់១៨ឆ្នាំ ជុំវិញករណីរឿងអាស្រូវទិញលក់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ អតីតមន្ត្រីជាន់ខ្ពស់ទាំង ២រូបនោះរួមមានលោក Nguyen Thanh Long អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំពីបទទទួលប្រាក់សំណូកសរុបចំនួន ២,២៥លានដុល្លារអាមេរិក និងមួយរូបទៀតគឺលោក Chu Ngoc Anh អតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដែលត្រូវកាត់ទោសជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំពីបទគ្រប់គ្រងការងារមិនបានត្រឹមត្រូវរហូតធ្វើឲ្យមានករណីពួករលួយខាងលើនេះកើតឡើង។

ប្រភពខាងលើបានបន្តថា ក្រៅតែពីមានការពាក់ព័ន្ធជាមួយនឹងអតីតមន្ត្រីជាន់ខ្ពស់វៀតណាមទាំង ២រូបនេះហើយ ករណីនេះក៏មានការជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនឯកជនមួយផងដែរ គឺក្រុមហ៊ុន Viet A Technology Corp ដែលជាក្រុមហ៊៊ុនទទួលបន្ទុកផលិតឧបរណ៍ធ្វើតេស្តរកកូវីដ-១៩ សម្រាប់លក់ឲ្យរដ្ឋាភិបាលវៀតណាម។ តាមការស៊ើបង្កេតរបស់អាជ្ញាធរវៀតណាមបានបង្ហាញ លោក Phan Quoc Viet អតីតប្រធានក្រុមហ៊ុន Viet A Technology Corp បានលួចធ្វើការយ៉ាងសម្ងាត់ជាមួយអតីតរដ្ឋមន្ត្រីវៀតណាមទាំង ២រូបខាងលើដើម្បីអាចលក់ឧបករណ៍តេស្តរបស់គាត់ឲ្យខ្ពស់ជាតម្លៃធម្មតា ៣ដង ខណៈរូបគាត់អាចរកប្រាក់បានចំនួន ១,២៣ លានលានដុង (ជាង ៥០លានដុល្លារ) ពីករណីពុករលួយនេះ។
សូមរម្លឹកជូនថា ជុំវិញករណីខាងលើនេះលោក Phan Quoc Viet ត្រូវបានតុលាការវៀតណាមកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំរួចម្តងហើយកាលពីខែធ្នូកន្លងទៅ ហើយថ្មីៗនេះរូបគាត់ត្រូវទទួលទោសមួយចំនួនបន្ថែមទៀត ដែលធ្វើឲ្យទោសជាប់ពន្ធនគាររបស់គាត់ត្រូវឡើងដល់ ២៩ឆ្នាំ។ ក្រៅពីផ្តន្ទាទោសចំពោះបុគ្គលសំខាន់ៗទាំង ៣រូបខាងលើនេះហើយ តុលាការវៀតណាមក៏បានផ្តន្ទាទោសអ្នកពាក់ព័ន្ធចំនួន ៣៥នាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារចន្លោះពី ១៨ខែរហូតដល់១៥ឆ្នាំផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






