អន្តរជាតិ

ការសិក្សាមួយបង្ហាញថា អ្នកធ្លាប់ឆ្លងនិងធ្លាប់ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩កាន់តែច្រើនដងគឺមានហានិភ័យកាន់ខ្ពស់ក្នុងការឆ្លងជំងឺនេះជាថ្មីម្តងទៀត

BY
Pheakdey
January 15, 2024

ថៃ៖ ការសិក្សាមួយបានរកឃើញថា អ្នកដែលធ្លាប់បានឆ្លងជំងឺកូវីដ-១៩ និងធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩កាន់តែច្រើនដងគឺកាន់មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ជាថ្មីម្តងទៀត បើធៀបទៅនឹងបុគ្គលដែល​មិនធ្លាប់បានឆ្លងជំងឺកូវីដ-១៩ទាល់តែសោះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃចន្ទ ទី១៥ ខែមករានេះបានបញ្ជាក់ថា ការសិក្សាខាងនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញផ្នែកជំងឺឆ្លងថៃម្នាក់គឺលោកវេជ្ជបណ្ឌិត Panthep Puapongpan ឬគេតែងហៅគាត់ថា Dr. Duer។

នៅក្នុងការសិក្សាខាងលើនេះគឺគេបានធ្វើតេស្តចំពោះក្រុមមនុស្សដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩ ហើយធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer-BioNTech ចំនួន ២ដូស និងចំនួន ៣ដូស ហើយលទ្ធផលបានបង្ហាញថា អ្នកធ្លាប់ឆ្លងនិងធ្លាប់បានចាក់វ៉ាក់សាំងចំនួន ២ដូសគឺមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ជាងអ្នកមិនធ្លាប់ឆ្លង  ខណៈអ្នកដែលធ្លាប់ឆ្លងនិងធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន ៣ដូសគឺរឹតតែមានហានិភ័យខ្ពស់ថែមទៀតក្នុងការឆ្លងជំងឺកូវីដ-១៩ បើធៀបទៅនឹងអ្នកធ្លាប់កើតនិងធ្លាប់ចាក់វ៉ាក់សាំង ២ដូសឬអ្នកមិនធ្លាប់កើតទាល់តែសោះ។ គួរបញ្ជាក់ជូនថា លទ្ធផលនៃការសិក្សាខាងលើនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដ្បិតជាទូទៅគេតែងយល់ឃើញថាអ្នកដែលធ្លាប់ឆ្លងនិងធ្លាប់ទទួលបានវ៉ាក់សាំងបង្ការជំងឺណាមួយច្រើនដងគឺមានហានិភ័យតិចតួចណាស់ក្នុងការឆ្លងជំងឺនោះជាថ្មីម្តងទៀត បើធៀបទៅនឹងអ្នកដែលមិនធ្លាប់បានប៉ះពាល់ជាមួយមេរោគនោះទាល់តែសោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: