Apple បញ្ចុះតម្លៃ iPhone 15 លក់នៅប្រទេសចិនក្នុងទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មាន
- BY
- Pheakdey
- January 15, 2024
ចិន៖ ក្រុមហ៊ុន Apple សម្រេចបញ្ចុះតម្លៃទូរស័ព្ទ iPhone 15 ដែលកំពុងដាក់លក់នៅក្នុងទីផ្សារប្រទេសចិនក្នុងចំនួនទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៥ ខែមករានេះ។ ចំនួនទឹកប្រាក់ដែលត្រូវដកចេញពីតម្លៃដើមរបស់ទូរស័ព្ទ iPhone 15 នោះគឺមានចំនួន ៥០០យន់ ឬស្មើនឹង ៧០,៣២ ដុល្លារអាមេរិក។

ប្រភពខាងលើបានបន្តថា កម្មវិធីបញ្ចុះតម្លៃពិសេសនេះ នឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី២១ ខែមករាឆ្នាំ២០២៤នេះ ដោយក្រុមហ៊ុន Apple បានបញ្ជាក់ថា កម្មវិធីលក់បញ្ចុះតម្លៃពិសេសនេះគឺដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ យ៉ាងណាក្តី គេបានមើលឃើញថា វាគឺជាការលក់បញ្ចុះតម្លៃយ៉ាងកម្របំផុត ដែលទំនងជាកើតឡើងដោយសារតម្រូវការទីផ្សាររបស់ទូរស័ព្ទ iPhone 15 នៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង។ គួរបញ្ជាក់ជូនថា នៅក្នុងរបាយការណ៍មួយបានបង្ហាញថានៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ ការលក់ផលិតផលទូរស័ព្ទ iPhone (គ្រប់ស៊េរី) នៅក្នុងប្រទេសចិនបានធ្លាក់ចុះរហូតដល់ ៣០% ក្រោយក្រុមហ៊ុន Huawei បានដាក់លក់ទូរស័ព្ទស៊េរី Mate 60 ដែលជាទូរស័ព្ទផលិតនៅក្នុងប្រទេសចិនផ្ទាល់តែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






