អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ប្រកាសផ្តល់រង្វាន់ដល់បុគ្គលិកស្មើនឹងប្រាក់ខែជិត ១១ខែ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន

BY
Pheakdey
January 16, 2024

តៃវ៉ាន់៖ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់តៃវ៉ាន់បានប្រកាសផ្តល់ប្រាក់រង្វាន់ដែលមានតម្លៃស្មើនឹងប្រាក់ខែបុគ្គលិកចំនួន ១០,៨ខែដើម្បីអបអរនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែមករានេះបានបញ្ជាក់ថា ក្រុមហ៊ុនដែលហ៊ានផ្តល់ប្រាក់រង្វាន់យ៉ាងច្រើនខាងលើនេះគឺក្រុមហ៊ុនអាកាសចរណ៍ Tigerair ដែលមានបុគ្គលិកកំពុងបម្រើការងារសរុបជាង ៨០០នាក់។

បើតាមលោក​​ Chen Han-ming ដែលជាអគ្គនាយក្រុមហ៊ុន Tigerair បានប្រាប់ឲ្យដឹងថា​ ការសម្រេចផ្តល់ជូនប្រាក់រង្វាន់ដ៏ច្រើនមិនធ្លាប់មាននេះត្រូវបានធ្វើឡើងក្រោយការលក់របស់ក្រុមហ៊ុនបានកើនឡើងលើសពីការរំពឹងទុកយ៉ាងច្រើន ពោលគឺការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុនបានកើនឡើងខ្ពស់ជាងការព្យាករណ៍រហូតដល់ ៨៥០%ឯណោះ។ អគ្គនាយករូបនេះបានបន្តថា តាមគម្រោងកាលពីខែសីហាកន្លងទៅគឺបុគ្គលិកម្នាក់ៗអាចនឹងទទួលបានប្រាក់រង្វាន់ស្មើនឹងប្រាក់ខែចំនួន ៤ខែប៉ុណ្ណោះ តែសន្ទុះនៃការលក់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទើបធ្វើឲ្យថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនសម្រេចបន្ថែមប្រាក់រង្វាន់ឲ្យបានច្រើនជាងមុនផងដែរ ខណៈថ្នាក់ដឹកនាំមួយចំនួនតូចក៏ត្រូវទទួលបានរង្វាន់លើកទឹកចិត្តផ្សេងៗជាច្រើនទៀតផងដែរ ដែលធ្វើឲ្យប្រាក់រង្វាន់សរុបរបស់ពួកគាត់អាចមានតម្លៃស្មើនឹងប្រាក់ខែចំនួន ១៤ខែឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: