អន្តរជាតិ

ក្រុងបាងកកកំពុងប្រឈមនឹងបញ្ហាខ្យល់កខ្វក់កម្រិត PM2.5 ជាថ្មីម្តងទៀត ខណៈពលរដ្ឋមួយចំនួនត្រូវណែនាំឲ្យធ្វើការងារពីផ្ទះ

BY
Pheakdey
January 16, 2024

ថៃ៖ អាជ្ញាធរក្រុងបាងកកបានទាញសញ្ញាគ្រោះថ្នាក់អំពីបញ្ហាខ្យល់កខ្វក់នៅក្នុងទីក្រុងជាថ្មីម្តងទៀត នេះបើយោងសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ បញ្ហាខ្យល់កខ្វក់ដែលកំពុងបង្កគ្រោះថ្នាក់នៅក្នុងទីក្រុងបាងកកនៅពេលនេះគឺជាបញ្ហាដែលនៅក្នុងបរិយាកាសមានផ្ទុកនូវលម្អងធូលីក្នុងកម្រិត PM2.5 និងលាយឡំជាមួយនិងផ្សែងកខ្វក់ ដែលបានសាយភាយចេញពីយានយន្ត ក្រុមហ៊ុន និងមួយផ្នែកបង្កឡើងដោយការដុតដំណាំផ្សេងៗរបស់ប្រជាកសិករថៃ។

ប្រភពខាងលើបានបន្តថា បញ្ហាខាងលើនេះបានផ្តើមវាយប្រហារទីក្រុងបាកកកតាំងតែពីថ្ងៃទី៩មកម្លេះ ហើយវាបានវិវឌ្ឍន៍កាន់តែអាក្រក់ឡើងៗនៅដើមសប្តាហ៍នេះ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរក្រុងបាងកកបានណែនាំឲ្យពលរដ្ឋដែលស្ថិតនៅក្នុងតំបន់រងគ្រោះខ្លាំងមួយចំនួនត្រូវធ្វើការងារពីផ្ទះ ខណៈក្រុមសិស្សានុសិស្សមួយចំនួនក៏ត្រូវរៀនតាមប្រព័ន្ធ Online ដូចគ្នាដែរ។ ចំពោះដំណោះស្រាយរយៈពេលវែងវិញ អាជ្ញាធរថៃក៏បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួនផងដែរ ដូចជាអាជ្ញាធរនឹងជួយសម្របសម្រួលឲ្យមានការបញ្ចុះតម្លៃរហូតដល់ ៥៥% សម្រាប់ពលរដ្ឋដែលចង់ប្តូរពីការប្រើប្រាស់យានយន្តដំណើរការដោយប្រេងសាំងមកប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីវិញម្តង។

នៅតាមសាលារៀនសម្រាប់ក្មេងៗវិញជាពិសេសគឺនៅថ្នាក់មត្តេយ្យសិក្សានឹងត្រូវរៀបចំឲ្យមានបន្ទប់រៀនបិទជិតដែលមិនអាចមានធូលីប៉ើងចូលបាន ដើម្បីធានាបាននូវសុខភាពចំពោះក្មេងៗដែលជាក្រុមមនុស្សងាយរងគ្រោះ។ ប​ន្ថែមពីលើនេះ​ទៀត លោកនាយករដ្ឋមន្ត្រីថៃ​ Srettha Thavisin ក៏គ្រោងនឹងលើកយកបញ្ហានេះមកពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាមួយផងដែរ ក្នុងឱកាសដែលថ្នាក់ដឹកនាំនៃប្រទេសទាំង ២នេះនឹងត្រូវជួបគ្នានៅក្នុងថ្ងៃទី៧ ខែកុម្ភៈខាងមុខនេះ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: