ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ «អ្នកសារព័ត៌មានអនឡាញពេលខ្លះរឿងតូចតាច ហើយទៅទាញថតពីមុខពីក្រោយឱ្យកើតទៅជាជម្លោះ»
- January 16, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អ្នកសារព័ត៌មានអនឡាញពេលខ្លះរឿងតូចតាច ហើយទៅទាញថតពីមុខពីក្រោយឱ្យកើតមានទៅជាជម្លោះ។

ថ្លែងក្នុងនៅកិច្ចសម្ភាសន៍របស់សារព័ត៌មាន BTV Cambodia ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះថា៖ « ពេលខ្លះរឿងតូចតាចទេ តែទៅដល់មានការញុះញង់ ទាញចុះទាញឡើង។ មនុស្សម្នាក់ៗមានសេចក្ដីថ្លៃថ្នូរ កិត្តិយសគ្រប់ៗគ្នា ឧទាហរណ៍បុគ្គលនោះចេញមកហូបស្រា គាត់ស្រវឹង ពេលខ្លះគាត់ទៅប៉ះពាល់លើខឿន លើលូ គាត់ទៅមុខអត់រួច អ៊ីចឹងយើងទៅដល់មុន គឺយើងបែរជាទៅទាញពីមុខពីក្រោយ ទៅថតនេះ ថតនោះ សេចក្ដីថ្លៃថ្នូរបស់គាត់ គួរណាទៅដល់យើងឃាត់ជាមុនសិន ហើយខលទៅកាន់ប៉ូលិស កុំឱ្យគាត់ទៅមុខបន្តទៀត ប្រទាញប្រទង់ចុះឡើងទៅ ពេលខ្លះបង្កកើតទៅជារឿងជម្លោះ នេះហៅថា ការញុះញង់ឱ្យមានបទល្មើសកើតឡើងហើយ»។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្ថែមទៀតថា៖ «អ៊ីចឹងទេ ខ្ញុំមិនមែនចេះតាមដានតែករណីចរាចរណ៍នោះទេ ខ្ញុំជាអ្នកអនុវត្តច្បាប់ ខ្ញុំត្រូវតែថ្លឹងថ្លែងយកមកកសាងសំណុំរឿងថា បទល្មើសកើតឡើងដោយសារអ្នកណាជាអ្នកបង្ក ពេលខ្លះយើងអត់ចេតនាមែន ប៉ុន្តែយើងចាប់ផ្ដើមស្រែកចុះ ស្រែកឡើង ដូចញុះញង់ឱ្យមានបទល្មើសព្រហ្មទណ្ឌឱ្យកើតមានឡើងដូចគ្នា។ ខ្ញុំ សូមសំណូមពរ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ពាក្យដែលចូលរួមគោរពច្បាប់ទាំងអស់គ្នា បើយើងប្រព្រឹត្តហួសព្រំដែនកំណត់ ចាកឆ្ងាយពីច្បាប់ត្រូវតែអនុវត្តហើយ ខ្ញុំបានមើលឃើញច្រើន រឿងដែលមិនគួរកើត ធ្វើឱ្យកើតនៅតាមដងផ្លូវពេលយប់ អ៊ីចឹងទេ ខ្ញុំសូមឱ្យលះបង់ ហើយបន្ថយឥរិយាបទ អ្វីកើតឡើងមិនសមរម្យទៅតាមផ្លូវច្បាប់នេះ ហើយអ្វីដែលមុននឹងទាញយកមកវាយប្រហារ ឬផ្សព្វផ្សាយនេះ គិតអំពីផ្លូវច្បាប់សិនថា កិត្តិយសក៏ច្បាប់ការពារដែរ សូម្បីតែថតរូបគ្មានការអនុញ្ញាតក៏ច្បាប់ការពារ ថតសំឡេងគេ បើគេមិនអនុញ្ញាតក៏គ្មានសិទ្ធថតដែរ អ៊ីចឹងទេសូមអនុវត្តឱ្យបានព្រមៗគ្នា៕ »

ប្រភព៖ BTV Cambodia
- Share This Post:






