ព័ត៌មានជាតិ

មន្ត្រីជំនាញ ចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលគ្មានបំពាក់ស្លាកសញ្ញាសម្គាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ ក្នុងក្រុងសៀមរាប

BY
Khmernote Media
January 16, 2024

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ មន្រ្តីជំនាញនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប និងបុគ្គលិកនៃប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ក្នុងខេត្ត បានចុះពិនិត្យ និងកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិកលើអាកាសដែលមិនបានបំពាក់ស្លាកសញ្ញាសម្គាល់ជាម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ និងបានបិទសញ្ញាសម្គាល់ជាម្ចាស់កម្មសិទ្ធិតាមខ្សែរបស់ខ្លួន ពីចំណុចស្តុបផ្លូវលោកតាណឺយ ឆ្ពោះទៅតំបន់ផ្សារចាស់ ឬផាប់ស្រ្ទីត។

លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានឲ្យដឹងថា មុននឹងចុះអនុវត្តកាត់ទម្លាក់នេះ មន្ទីរបានជូនដំណឹង និងស្នើឱ្យគ្រប់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់ លាស់ នូវបណ្តាញខ្សែកាប្លិ៍អុបទិកទាំងអស់របស់ខ្លួននៅក្នុងខេត្ត ដោយត្រូវបំពាក់នូវស្លាកសញ្ញាសម្គាល់ជាម្ចាស់កម្មសិទ្ធិ (Label) ត្រង់ចំណុចចាប់ផ្ដើមផ្លូវបត់ និងចំណុចបញ្ចប់ ដោយត្រូវបំពេញទិន្នន័យឱ្យបានត្រឹមត្រូវជូនមកមន្ទីរ ក្នុងរយៈពេលមួយខែគិតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ជាឱសានវាទនៃសេចក្តីជូនដំណឹង។

លោកបន្តថា ការកាត់នេះដែរ ក្រុមការងារចាប់អនុវត្តនៅថ្ងៃជាបន្តបន្ទាប់ទៅតាមគម្រោងផែនការ លើផ្លូវសំខាន់ៗចំនួន ១១ខ្សែ ដែលបានបង្កប់បំពង់ខ្សែកាប្លិ៍អ៊ុបទិកក្រោមដីរួចហើយ ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិកនៅក្នុងភូមិសាស្ត្រខេត្តសៀមរាបឱ្យបានល្អប្រសើរ និងដើម្បីលើកសម្រស់សោភ័ណភាពថ្មីនៃក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តសៀមរាបអង្គរ ខណៈបច្ចុប្បន្ននៅទូទាំងខេត្តសៀមរាប មានប្រតិបត្តិករសេវាទូរគមនាគមន៍ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជាចំនួន ១០ក្រុមហ៊ុន។

លោកប្រធានមន្ទីរ បន្តថា ក្នុងករណីប្រតិបត្តិករណាមិនអនុវត្តតាមនូវខ្លឹមសារនៃការជូនដំណឹងខាងលើ មន្ទីរនឹងចាត់វិធានការកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ដោយឥតលក្ខខណ្ឌ ហើយមន្ទីរ នឹងមិនទទួលខុសត្រូវរាល់ការខូចខាតដែលអាចកើត មានឡើងជាយថាហេតុឡើយ ដូច្នេះក្នុងឱកាសនេះ សូមសំណូមពរដល់ម្ចាស់ក្រុមហ៊ុន និងប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ក្នុងខេត្ត សូមចូលរួមរៀបចំដកចេញឱ្យអស់នូវខ្សែកាប្លិ៍អាកាស ឬនៅតាមបង្គោលនានា ដោយត្រូវយកទៅបញ្ចូលនៅក្នុងបំពង់ក្រោមដីទាំងអស់ លើកលែងតែផ្លូវដែលពុំទាន់មានបំពង់ខ្សែកាប្លិ៍ក្រោមដី ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក នៅក្នុងភូមិសាស្ត្រខេត្ត ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Share This Post: