អន្តរជាតិ

ចិននឹងកត់ត្រាមានការធ្វើដំណើរចំនួន ៩ពាន់លានជើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

BY
Pheakdey
January 17, 2024

ចិន៖ ប្រទេសចិននឹងកត់ត្រាមានការធ្វើដំណើរច្រើនបំផុតមិនធ្លាប់មានក្នុងឱកាសនៃការអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនក្នុងឆ្នាំ២០២៤ ​ពោលគឺអាចមានការធ្វើដំណើររហូតដល់ចំនួន ៩ពាន់លានជើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៧ ខែមករានេះ។ គួរបញ្ជាក់ជូនថា​ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានចូលមកដល់នៅក្នុងថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ ខណៈនិន្នាការនៃការធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋាន​ ទៅលេងស្រុកកំណើតនិងទៅលេងមិត្តភក្តិរបស់ពលរដ្ឋចិននឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី២៦ មករានេះទៅហើយ។

បើតាមលោក Li Yang អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ដែលជាស្ថាប័នបានធ្វើការព្យាករណ៍អំពីការធ្វើដំណើរនៅទូទាំងប្រទេសចិនបានបញ្ជាក់ថា និន្នាការនៃការធ្វើដំណើររបស់ពលរដ្ឋចិនខាងលើនេះនឹងអូសបន្លាយរហូតដល់ដើមខែមីនា ដែលធ្វើឲ្យការធ្វើដំណើរទាក់ទងនឹងពិធីបុណ្យចូលឆ្នាំថ្មីអាចកើតមានក្នុងរយៈពេលចំនួន ៤០ថ្ងៃ។ លោក Li Yang បានបន្ថែមថា ការធ្វើដំណើររបស់ពលរដ្ឋចិនក្នុងអំឡុងពេលវិស្សមកាល ៤០ថ្ងៃនេះត្រូវបានបែងចែកជា ២ផ្នែកធំៗ ដោយទី១គឺការធ្វើដំណើរតាមរយៈការបើកបរដោយខ្លួនឯងដែលមានចំនួន ៧,២ពាន់លានជើង និងទី២ គឺការធ្វើដំណើរតាមរយៈការទិញសំបុត្រដោយមានទាំងតាមផ្លូវអាកាសនិងផ្លូវទឹក ដែលចំនួន ១,៨ពាន់លានជើង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: