ប្រពន្ធកីឡាករវាយសីជម្រើសជាតិ ដែលត្រូវរថយន្ដ Jeep បុកឱ្យបាត់បង់ជីវិតនៅខណ្ឌទួលគោក និងក្រុមគ្រួសារ ដែលរងបណ្ដឹងពីម្ដាយជនបង្ក នឹងចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការ
- January 17, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោកស្រី គ្រុយ ឈិញលាំង ដែលជាប្រពន្ធរបស់កីឡាករវាយសីជម្រើសជាតិ ដែលត្រូវរថយន្ដ Jeep បុកឱ្យបាត់បង់ជីវិតនៅខណ្ឌទួលគោក បានបញ្ជាក់ថា លោកស្រី និងសាច់ញាតិដែលរងបណ្ដឹងពីម្ដាយជនបង្កនោះ មិនខ្លាចក្នុងការចូលបំភ្លឺទេ ហើយលោកស្រីនឹងចូលខ្លួនបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តាមកាលកំណត់របស់តំណាងអយ្យការ។

យោងតាមប្រភពពីអ្នកសារព័ត៌មាន បានឱ្យដឹងថា ប្រពន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារឡាន Jeep បានថ្លែងថា ក្នុងករណីនេះ ដំបូងនាងខ្ញុំជាជនរងគ្រោះក្នុងសំណុំរឿងក្តីនេះនៅមិនទាន់ទទួលបានយុតិ្តធម៌នៅឡើយទេ ប៉ុន្តែឥលូវនេះមិនទាន់គ្រប់១០០ថ្ងៃរបស់ប្តីខ្ញុំផង រឿងដែលហួសចិត្តខ្ញុំបានក្លាយពីជនរងគ្រោះទៅជាជនសង្ស័យក្នុងសំណុំរឿងផ្សេងវិញ ទាំងដែលគេមិនដោះស្រាយរឿងបណ្តឹងប្តីខ្ញុំ។
ចំពោះការកោះហៅរបស់តុលាការ នាងខ្ញុំមិនខ្លាចក្នុងការចូលបំភ្លឺទេក្នុងករណីនេះព្រោះនាងខ្ញុំព្រមទាំងសមាជិកគ្រួសារទាំងអស់ឈរលើភាពត្រឹមត្រូវនិងសុំតែយុតិ្តធម៌ជូនស្វាមីនាងខ្ញុំ។ សំរាប់សំណុំរឿងប្តីខ្ញុំកំពុងចាត់ការនៅតុលាការ ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ដែលខាងយើងខ្ញុំជាដើមបណ្តឹងរដ្ឋប្បវេណី នឹងចូលឆ្លើយនៅថ្ងៃទី២៩ ខែមករានេះ។
គួរជម្រាបជូនថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ ផ្ទុះការរិះគន់ យ៉ាងព្រោងព្រាត បន្ទាប់ពីម្ដាយជនបង្កឈ្មោះ សុខ លីណា ប្ដឹងប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន, បទ ជេរប្រមាថជាសាធារណៈនិងបទ បរិហារកេរ្តិ៍ជាសាធារណៈ។
តាមរយៈការបង្ហោះឱ្យដឹងពីគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ករណីរថយន្ត Jeep ស្លាកលេខ 2CB-9963 ភ្នំពេញ បុកជនរងគ្រោះ បាត់បង់ជីវិត មិនទាន់ចប់ទេ រឿងនេះកាន់តែសាហាវ! ស្ទើរតែមិនជឿនឹងភ្នែកដែលខ្ញុំទទួលបានដីកាកោះរបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលម្ដាយជនបង្កឈ្មោះ សុខ លីណា ប្ដឹងប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ខណៈបុណ្យ ១០០ថ្ងៃ មិនទាន់បានធ្វើផង។ »
លោក ផែង វណ្ណៈ បានបន្តថា៖ «ឈ្មោះ សុខ លីណា បានប្ដឹងប្រពន្ធជនរងគ្រោះ ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន, បទ ជេរប្រមាថជាសាធារណៈ និងបទ បរិហារកេរ្តិ៍ជាសាធារណៈ។ ហ៉ឺម អាណិតប្រពន្ធជនរងគ្រោះណាស់ គេបុកប្ដីបាត់បង់ជីវិតមិនទាន់ទទួលបានយុត្តិធម៌ផង ឥលូវម្ដាយជនបង្កប្ដឹងថែមទៀត។»
បន្ទាប់ពីបានបង្ហោះរួច ឃើញមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បញ្ចេញមតិរិះគន់ និងបានរំលឹកនូវពាក្យមួយឃ្លា ដែលគេអះអាងថា ជាការលើកឡើងដោយក្រុមគ្រួសាររបស់ជនបង្ក នៅពេលដែលជនបង្កកំពុងរត់គេចខ្លួនក្រោយបង្កហេតុ «បើប្ដឹងផ្ដល់នឹងខូចអនាគតទាំងអស់គ្នា»។ ពាក្យនេះត្រូវបានគេលឺនៅពេលដែលតំណាងភាគីជនបង្កយកលុយ១០០០ដុល្លារ ទៅចូលបុណ្យសពជនរងគ្រោះ ហើយបង្គាប់មិនឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងឡើយ។
សូមបញ្ជាក់ថា ជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។ ក្រោយមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនបង្កទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី រហូតចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចរាល់ហើយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅផងដែរ៕








ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:






