យន្តហោះ ២គ្រឿងបានប៉ះទង្គិចគ្នានៅក្នុងព្រលានយន្តហោះប្រទេសជប៉ុន ដោយសារមានព្រិលទឹកកកធ្លាក់ខ្លាំងពេក
- BY
- Pheakdey
- January 17, 2024
ជប៉ុន៖ យន្តហោះចំនួន ២គ្រឿងបានប៉ះទង្គិចគ្នានៅក្នុងព្រលានយន្តហោះនៃប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Japanese Time នៅក្នុងថ្ងៃពុធ ទី១៧ ខែមករានេះ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងព្រលានយន្តហោះ New Chitose ដែលមានទីតាំងស្ថិតនៅលើកោះ Hokkaido ភាគខាងជើងប្រទេសជប៉ុន និងបានកើតឡើងនៅម៉ោង ៥ និង៣០នាទី ល្ងាចម្សិលមិញនេះ (ម៉ោងនៅក្នុងប្រទេសជប៉ុន)។

ប្រភពខាងលើបានបន្តថា ការប៉ះទង្គិចគ្នាបានបង្កឡើងដោយសារមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines ដែលមានផ្ទុកអ្នកដំណើរចំនួន ២៨៩នាក់ បានបើកទៅបុកស្លាបយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលនៅក្នុងយន្តហោះនេះគ្មានអ្នកដំណើរនោះទេ។ បើតាមអាជ្ញាធរអាកាសចរណ៍ជប៉ុនបានបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះបានកើតឡើងដោយសារនៅក្នុងពេលកើតហេតុនោះ គឺមានព្រិលទឹកកកធ្លាក់យ៉ាងខ្លាំងនៅក្នុងព្រលានយន្តហោះទើបធ្វើឲ្យយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Korean Air Lines ត្រូវជ្រុលទៅបុកស្លាបយន្តហោះមួយផ្សេងទៀតក្នុងអំឡុងពេលព្យាយាមចុះចត។ យ៉ាងណាក្តី ហេតុការណ៍ខាងលើនេះមិនបានបង្កឲ្យអ្នករងរបួសនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Japanese Time
- Share This Post:






