លម្អិតករណីអគ្គិភ័យ ឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ក្នុងខេត្តកណ្ដាល បណ្ដាលឱ្យស្ត្រីម្នាក់បាត់បង់ជីវិត និងរបួស ៤នាក់
- January 18, 2024
ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ស្ត្រីម្នាក់បានបាត់បង់ជីវិត និងមនុស្ស០៤នាក់ផ្សេងទៀតត្រូវរងរបួស ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយកន្លែងយីហោ «យី ដា មេនូហ្វេកឆឺរើ ខូច អិលធីឌី » ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង ០៦នឹង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។

ស្ត្រីដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ យោងតាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុ ក្រុមកម្មករកម្មការនីរោងចក្រ បានអង្គុយលេង និងហូបបាយនៅក្នុងទីតាំងស្តុកគីមីសម្រាប់ផលិតចេញជាថ្នាំពណ៌លាបសម្លៀកបំពាក់ ដើម្បីត្រៀមចូលធ្វើការនៅម៉ោង៧ព្រឹក។ ប៉ុន្តែមិនទាន់ដល់វេលាចូលធ្វើការផង ស្រាប់តែមានលឺសូរសម្លេងផ្ទុះចេញពីបំពង់ឧស្ម័ននៅក្នុងទីតាំងគីមីនោះ ដែលបង្កឱ្យមានជាអណ្តាតភ្លើងឆាបឆេះខ្លាំងឡើង និងរាលដាលជាបន្តបន្ទាប់តែម្តង។
ភ្លាមៗនោះ ក្រុមកម្មករបានរត់គេចចេញពីកន្លែងកើតហេតុអស់ នៅសល់តែស្ត្រីរងគ្រោះដែលជាអ្នកមើលការខុសត្រូវទីតាំងស្តុកគីមីនោះ មិនអាចរត់ចេញបាន ក៏ត្រូវថប់ខ្យល់ស្លាប់តែម្តងទៅ។ បន្ទាប់ពីកើតហេតុ កងកម្លាំងអាជ្ញាធរចម្រុះ មាននគរបាល និងកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកគង់ សោភ័ណ្ឌ អភិបាលខេត្ត រួមទាំងរថយន្តពន្លត់អគ្គិភ័យមកពីតាមអង្គភាពពាក់ព័ន្ធជាច្រើន បានចុះអន្តរាគមន៍ដើម្បីធ្វើការបាញ់ទឹកទប់ស្កាត់ និងពន្លត់ការឆាបឆេះ។ ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានគ្រប់ស្ថានការណ៍បាន១០០ភាគរយ ដោយប្រើប្រាស់ពេលអស់ជាង៤ម៉ោង ទើបធ្វើឱ្យអណ្តាតភ្លើងរលត់សូន្យសុងទៅវិញ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់សរុប១៥គ្រឿង។ ការឆាបឆេះនេះ គឺបានបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារក្នុងអាគារខាងលើអស់ស្ទើរតែទាំងស្រុងទៅហើយ។ ដោយឡែកចំពោះមូលហេតុ នៃការឆាបឆេះសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ រងចាំធ្វើកោសល្យវិច្ច័យពិនិត្យនៅពេលក្រោយ។
សូមបញ្ជាក់ថា ចំពោះសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនរងគ្រោះដែលរងរបួស០៤នាក់ផ្សេងទៀត ក៏ត្រូវបានដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ៕










ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police
- Share This Post:






