អន្តរជាតិ

ក្មេងសិស្សសាលា ១២នាក់និងគ្រូបង្រៀន ២នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅប្រទេសឥណ្ឌា

BY
Pheakdey
January 19, 2024

ឥណ្ឌា៖ យ៉ាងហោចណាស់មានកូនក្មេងសិស្សសាលាចំំនួន ១២នាក់ និងគ្រូបង្រៀនចំនួន ២នាក់បានលង់ទឹកស្លាប់នៅក្នុងហេតុការណ៍លិចទូកសម្រាប់ជិះកម្សាន្តមួយគ្រឿងនៅប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៩ ខែមករានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងបឹង Harni ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Vadodara ខណៈទូកបានលិចនៅក្នុងអំឡុងពេលដែលក្រុមជនរងគ្រោះទាំងអស់កំពុងតែជួបជុំញ៉ាំអាហារយ៉ាងរីករាយនៅលើទូកនោះ។

ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ នៅមានមនុស្សចំនួន ២នាក់កំពុងតែបាត់ខ្លួន ខណៈមានក្មេងចំនួន ២០នាក់ត្រូវបានគេជួយស្រង់ចេញពីបឹងដោយសុវត្ថិភាព។ ប្រភពខាងលើបានបន្តថា ក្មេងៗដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធជាក្រុមកូនសិស្សរៀននៅក្នុងសាលាជាមួយគ្នា មានអាយុចន្លោះពី ៧ដល់១៣ឆ្នាំ ហើយពួកគេត្រូវមកជួបជុំគ្នានៅលើទូកមួយគ្រឿងនេះដើម្បីអបអរពិធីជប់លៀងមួយរបស់សាលា។

ភ្លាមៗក្រោយកើតមានហេតុការណ៍ដ៏រន្ធត់នេះ រដ្ឋាភិបាល​សហព័ន្ធឥណ្ឌាបានប្រកាសផ្តល់ប្រាក់សំណងចំនួន ២០០,០០០រូពី (២,៤០៥ ដុល្លារ) ដល់គ្រួសារជនរងគ្រោះដែលបានស្លាប់ម្នាក់ និងប្រាក់ចំនួន ៥០,០០០រូពី (៦០១ដុល្លារ) សម្រាប់អ្នកដែលបានរងរបួសម្នាក់។ បន្ថែមពីលើការផ្តល់ប្រាក់សំណងនេះអាជ្ញាធររដ្ឋប្រចាំតំបន់កើតហេតុក៏បានផ្តល់ប្រាក់សំណងដល់គ្រួសារជនរងគ្រោះដែលបានស្លាប់ម្នាក់ចំនួន ៤០០,០០០រូពី (៤,៨១០ដុល្លារ)ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: