អន្តរជាតិ

មនុស្ស ៧នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយនៅហ្វីលីពីន

BY
Pheakdey
January 19, 2024

ហ្វីលីពីន៖ យ៉ាងយោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័យមួយនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៩ ខែមករានេះ។ ហេតុការណ៍បានកើតឡើងកាលពីព្រឹកមិញនេះនិងបានកើតឡើងនៅឯតំបន់រុករករ៉ែមាសនៃខេត្ត Davao de Oro ដែលស្ថិតនៅលើកោះ Mindanao ប៉ែកខាងត្បូងប្រទេសហ្វីលីពីន។

នៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះក៏មានក្មេងៗមួយចំនួនផងដែរ ខណៈគិតត្រឹមពេលនេះនៅមានមនុស្សមួយចំនួនទៀតត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន និងស្ថិតក្នុងការស្វែងរកជាបន្ទាន់។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា គ្រោះធម្មជាតិខាងលើនេះបានកើតឡើងដោយសារតែមានភ្លៀងធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃជាប់ៗគ្នា ខណៈជនរងគ្រោះដែលកំពុងតែបាត់ខ្លួនទាំងអស់នោះមិនត្រូវបានគេរំពឹងថា អាចមានសំណាងនៅរស់រានមានជីវិតនោះទេ។ យ៉ាងណាក្តី អាជ្ញាធរហ្វីលីពីនបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងនិងក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ទៅកាន់តំបន់កើតហេតុដើម្បីត្រៀមជួយសង្គ្រោះជនរងគ្រោះក្នុងលក្ខខណ្ឌបន្ទាន់ណាមួយ និងបន្តការស្វែងរកអ្នកកំពុងបាត់ខ្លួនឲ្យអស់ពីលទ្ធភាព៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: