អន្តរជាតិ

ជប៉ុនក្លាយជាប្រទេសទី៥នៅលើពិភពលោកដែលអាចបញ្ជូនយានទៅកាន់ឋានព្រះច័ន្ទ

BY
Pheakdey
January 20, 2024

ជប៉ុន៖ នៅក្នុងថ្ងៃទី២០ ខែមករានេះជប៉ុនបានក្លាយជាប្រទេសទី៥ នៅលើពិភពលោកដែលទទួលបានជោគជ័យក្នុងការបញ្ជូនយានអវកាសទៅកាន់ឋានព្រះច័ន្ទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ យានដែលជប៉ុនបានបញ្ជូនទៅកាន់ឋានព្រះច័ន្ទនោះមានឈ្មោះថា Smart Lander for Investigating Moon ហៅកាត់ថា “Slim”។

ប្រភពខាងលើបានបន្តថា យានដ៏តូចមួយនេះបានចុះចតនៅលើផ្ទៃនៃឋានព្រះច័ន្ទនៅម៉ោង ១២ និង ២០នាទីរំលងអាធ្រាត្រ ហើយក្រោយការចុះចតភ្លាមយាន “Slim” ហាក់បានប្រឈមនឹងបញ្ហាបន្តិចបន្តួច ដោយបន្ទះសូឡារបស់វាមិនអាចស្រូបយកកម្តៅព្រះអាទិត្យដើម្បីបំលែងចេញជាថាមពលអគ្គិសនីបាន។ បញ្ហាននេះទំនងជាកើតឡើងដោយសារតែ “Slim” បានចុះចតខុសទិសដៅបន្តិច ពោលគឺនៅទីតាំងបាំងពន្លឺព្រះអាទិត្យ យ៉ាងណាក្តី “Slim” នៅតែអាចបន្តដំណើរការបានជាប្រក្រតីតាមរយៈការប្រើប្រាស់ថាមពលដែលគេបានបំពាក់នៅក្នុងវាស្រាប់។ ទីភ្នាក់ងាររុករកអវកាសជប៉ុន The Japan Aerospace Exploration Agency ឬហៅកាត់ថា “Jaxa” បានបង្ហាញនូវក្តីរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ធំមួយនេះ ហើយពេលនេះក្រុមអ្នកអវកាសជប៉ុនកំពុងពិនិត្យមើលដំណើរការរបស់ “Slim” យ៉ាងយកចិត្តទុកដាក់ និងរង់ចាំទទួលយកព័ត៌មានល្អៗដែលវាអាចប្រមូលបានពីឋានព្រះច័ន្ទ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: