ទីផ្សារនាំចេញទុរេនទៅចិនរបស់ថៃបន្តធ្លាក់ចុះយ៉ាងខ្លាំង ក្រោយចិនងាកទៅទិញទុរេនវៀតណាមនិងហ្វីលីពីន
- BY
- Pheakdey
- January 22, 2024
ចិន៖ បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២២ ខែមករានេះបានចុះផ្សាយអត្ថបទមួយដែលបង្ហាញថា ប្រទេសថៃបានបាត់បង់ទីផ្សារនាំចេញទុរេនទៅកាន់ប្រទេសចិន ក្រោយចិនបានងាកទៅទិញទុរេនវៀតណាមនិងហ្វីលីពីន ខណៈចិនក៏កំពុងតែប្រមូលផលដំណាំទុរេនដាំក្នុងស្រុកបានមួយចំនួនផងដែរ។ គួរបញ្ជាក់ជូនថា ប្រទេសចិនគឺជាទីផ្សារនាំចូលទុរេនធំបំផុតនៅលើពិភពលោក ជាក់ស្តែងកាលពីឆ្នាំ២០២៣កន្លងទៅនេះចិនបាននាំចូលទុរេនសរុបជាង១,៤លានតោន។

នាពេលកន្លងមកថៃគឺជាអ្នកផ្គត់ផ្គង់ទុរេនក្នុងបរិមាណយ៉ាងច្រើនឲ្យទៅប្រទេសចិន តែប៉ុន្មានឆ្នាំចុងក្រោយនេះការនាំទុរេនចេញពីប្រទេសថៃទៅកាន់ប្រទេសចិនបានបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលគឺធ្លាក់ចុះពី ១០០% មកសល់ ៩៥,៣៦%នៅក្នុងឆ្នាំ២០២១ និងបន្តចុះមកសល់ត្រឹម ៦៧,៩៨%កាលពីឆ្នាំកន្លងទៅ។ ទន្ទឹមនេះគ្នាទីផ្សារនាំទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិនបានកើនឡើងយ៉ាងខ្ពស់ ពោលគឺកើនឡើងពី ០%ទៅ ៤,៦ %នៅក្នុងឆ្នាំ២០២២ ដែលទីផ្សារនេះមានតម្លៃ ១៨៨,១លានដុល្លារ និងបន្តកើនឡើងដល់ ៣១,៨% នៅក្នុងឆ្នាំ២០២៣ ជាមួយតម្លៃជាទឹកប្រាក់ចំនួន ២,១ពាន់លានដុល្លារ។
ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០២៤នេះ វៀតណាមគ្រោងបង្កើនការនាំទុរេនទៅចិនឲ្យឡើងដល់ ៥៥% ជាមួយតម្លៃជាទឹកប្រាក់ខ្ទង់ ៣,៥ពាន់លានដុល្លារ។ ក្នុងពេលដំណាលគ្នានេះ ហ្វីលីពីនក៏បានក្លាយជាអ្នកផ្គង់ផ្គង់ទុរេនទៅកាន់ប្រទេសចិនម្នាក់ផងដែរ ដោយកាលពីឆ្នាំ២០២៣កន្លងទៅទុរេនចំនួន ០,០២%នៃទីផ្សារទុរេនសរុបនៅក្នុងប្រទេសចិនគឺជាទុរេននាំចូលពីប្រទេសហ្វីលីពីន ខណៈបរិមាណទុរេននេះគឺមានតម្លៃជាទឹកប្រាក់ចំនួន ១,៨៨លានដុល្លារផងដែរ។ សូមបញ្ជាក់ថា បើទោះជាចិនអាចដាំទុរេននៅក្នុងប្រទេសខ្លួនឯងបានខ្លះក៏ដោយ តែចិននៅតែបន្តនាំចូលទុរេនពីក្រៅប្រទេសក្នុងបរិមាណយ៉ាងច្រើនដដែលទើបអាចបំពេញតាមតម្រូវការក្នុងប្រទេសខ្លួនបាន ខណៈតម្រូវការទិញទុរេនសម្រាប់ញ៉ាំពីសំណាក់ពលរដ្ឋចិនបានកើនឡើងយ៉ាងគំហុកពីមួយឆ្នាំទៅមួយឆ្នាំ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






