ព័ត៌មានជាតិ

អ្នកបើករថយន្តម៉ាក Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍នៅស្ពានឫស្សីកែវ ដែលបណ្ដាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ

BY
Khmernote Media
January 22, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសដែលបើករថយន្តម៉ាក Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ បណ្តាលឱ្យមនុស្សបាត់បង់ជីវិត ០៤នាក់ រងរបួសធ្ងន់ ០៣នាក់ និងរបួសស្រាល ០១នាក់ នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបើកបរល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាកុល ០.៥៤ មីលីក្រាមក្នុងមួយលីត្រខ្យល់ ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបជូនថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងស្រោកសង្រេងនេះ បានកើតឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨៖៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន០២គ្រឿង (រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន០៤គ្រឿង(ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន០៦គ្រឿង បណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត នៅកន្លែងកើតហេតុ ៤នាក់ ស្រី៣នាក់ និងរងរបួសធ្ងន់ ០២នាក់ (ស្រី) បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្នុងហេតុការណ៍នោះផងដែរ អ្នកបើកបររថយន្ត និងមធ្យោយបាយ ត្រូវបានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: