កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់សមុទ្រលឿង
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលកម្ទេចនាវាជាច្រើនគ្រាប់ទៅកាន់សមុទ្រលឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២៤ ខែមករានេះ។ បើតាមកងយោធាកូរ៉េខាងត្បូងដែលជាអ្នកឃ្លាំមើលការបាញ់មីស៊ីលខាងលើនេះបានបញ្ជាក់ថា មីស៊ីលត្រូវបានបាញ់ជាបន្តបន្ទាប់នៅម៉ោង ៧ព្រឹកមិញនេះ ខណៈមីស៊ីលទាំងអស់ត្រូវបានបាញ់ចេញពីនាវាចម្បាំងទំនើបៗជាច្រើនគ្រឿង។

យ៉ាងណាក្តី គេមិនបានស្គាល់ច្បាស់អំពីប្រភេទនិងស៊េរីរបស់មីស៊ីលទាំងនោះទេ តែគេអាចកត់សម្គាល់បានថា មីស៊ីលទាំងនោះមានកម្លាំងផ្ទុះយ៉ាងខ្លាំងមិនចាញ់មីស៊ីលប្រភេទប៉ាលីស្ទិកសម្រាប់បាញ់ឆ្លងទ្វីបឡើយ។ គួរកត់សម្គាល់ថា ការបាញ់មីស៊ីលពីសំណាក់កូរ៉េខាងជើងនៅពេលនេះអាចជាសញ្ញាបង្ហាញថា ភាពតានតឹងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងកំពុងកើនឡើងជាថ្មី ដ្បិតកាលពីពេលថ្មីៗនេះកូរ៉េខាងត្បូងបានសម្រេចធ្វើសមុទ្រយោធារួមគ្នាជាមួយក្រុមយោធារបស់ប្រទេសចំនួន ២ផ្សេងទៀតគឺប្រទេសជប៉ុន និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia