ព័ត៌មានជាតិ

លោកស្រី សុខ លីណា ម្តាយជនបើករថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍ បានដកពាក្យបណ្ដឹង ដែលបានប្ដឹងប្រពន្ធជនរងគ្រោះ និងសាច់ញាតិ៣នាក់វិញហើយ

BY
Khmernote Media
January 24, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ យោងតាមសេចក្តីប្រកាសរបស់ របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោកស្រី សុខ លីណា ម្តាយជនបើករថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍ បានស្នើសុំដកពាក្យបណ្តឹងរបស់ខ្លួន ដែលបានប្តឹងគ្រួសារជនរងគ្រោះពីបទបរិហារកេរ្តិ៍វិញហើយ។

បណ្តឹងនេះ ត្រូវបានម្តាយជនបង្កដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដោយប្ដឹងប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន, បទ ជេរប្រមាថជាសាធារណៈនិងបទ បរិហារកេរ្តិ៍ជាសាធារណៈ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ០៤៥ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដែលមានឈ្មោះ សុខ លីណា ភេទស្រី បានប្តឹងលើឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី ឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី ឈ្មោះ សៀង មួយអេង ភេទស្រី និងឈ្មោះ សំរិទ្ធ សារុន ភេទប្រុស ថាបាន ធ្វើការបរិហារកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងជេរប្រមាថជាសាធារណៈ មកលើរូបខ្លួនតាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) និងបណ្តាញសារព័ត៌មានជាច្រើន។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឈ្មោះ សុខ លីណា បានដាក់ពាក្យសុំដកពាក្យបណ្តឹងរបស់ខ្លួនដែល បានប្តឹងខាងលើមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមមាត្រា ៣០៩ នៃក្រមព្រហ្មទណ្ឌ ចែងថា “…ពាក្យប្ដឹងរបស់សាមីខ្លួន គឺជាលក្ខខណ្ឌចាំបាច់នៃ ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយការដកពាក្យបណ្ដឹងរបស់អ្នកប្តឹងវិញនាំឱ្យបណ្តឹងអាជ្ញារលត់…” ។ ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នេះ តំណាងអយ្យការបានសម្រេចតម្កល់សំណុំរឿងព្រហ្មទណ្ឌខាងលើទុកឥតចាត់ការ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កបានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។ ក្រោយមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនបង្កទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី រហូតចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចរាល់ហើយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅផងដែរ៕

ប្រភព៖ លោក​ Sorn Sopheak-ស៊ន សុភក្រ្ត

Share This Post: