អាជ្ញាធរកូរ៉េខាងត្បូងព្រមានកុំឲ្យសាកល្បងទទួលទានឈើចាក់ធ្មេញមួយប្រភេទដែលកំពុងល្បីលើបណ្តាញសង្គម
- BY
- Pheakdey
- January 25, 2024
កូរ៉េខាងត្បូង៖ ថ្មីៗនេះនៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េខាងត្បូងបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូមួយដែលបង្ហាញថា គេអាចយកឈើចាក់ធ្មេញមួយប្រភេទទៅចម្អិនញ៉ាំបាន។ វីដេអូខ្លីដែលត្រូវបានបង្ហោះដំបូងនៅលើបណ្តាញសង្គម YouTube មួយនេះទទួលបានការចូលទស្សនារាប់លានដងក្នុងរយៈពេលដ៏ខ្លី ខណៈក្រោយបានទស្សនាវីដេអូនេះហើយមានអ្នកប្រើប្រាស់បណ្តាសង្គមជាច្រើនបានសាកល្បងយកឈឺចាក់ធ្មេញនោះទៅចម្អិនដើម្បីទទួលទានដែរ។

ជាការឆ្លើយតបទៅនឹងនិន្នាការថ្មីមួយនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានចេញមកព្រមានកុំឲ្យពលរដ្ឋខ្លួនព្យាយាមសាកល្បងទទួលទានឈើចាក់ធ្មេញទាំងនោះទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករានេះ។ បើតាមក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថកូរ៉េខាងត្បូងបានបញ្ជាក់ថា ឈើចាក់ធ្មេញដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គមនោះគឺជាប្រភេទឈើចាក់ធ្មេញដែលគេធ្វើឡើងពីម្សៅពោត មានពណ៌ខៀវ ហើយវាពិតណាស់ថាគេអាចយកម្សៅពោតទៅបំពងសម្រាប់ទទួលទានបាន។
យ៉ាងណាក្តី ក្រោយពេលកែច្នៃឲ្យក្លាយជាឈើចាក់ធ្មេញរួចពុំមានស្ថាប័នជំនាញណាមួយបញ្ជាក់ថា គេអាចយកម្សៅពោតដែលកែច្នៃរួចទាំងនោះទៅទទួលទានបានឡើងវិញនោះទេ ហើយផលប៉ះពាល់យ៉ាងណានោះក៏ពុំមានការសិក្សាបញ្ជាក់ដែរ។ អ្នកជំនាញកូរ៉េខាងត្បូងបានពន្យល់ថា ឈើចាក់ធ្មេញដែលធ្វើពីម្សៅពោតត្រូវបានស្ថាប័នជំនាញទទួលស្គាល់ត្រឹមថា វាមានអនាម័យគ្រប់គ្រាន់សម្រាប់យកទៅចាក់ធ្មេញ ដូចគ្នាទៅនឹងការទទួលស្គាល់និងអនុញ្ញាតឲ្យប្រើប្រាស់ថង់ប្លាស្ទិក ទុយោបឺត កែវ ឬពែងជាដើម តែសម្ភារៈទាំងនេះមិនត្រូវបានគេទទួលស្គាល់ឬណែនាំឲ្យយកទៅទទួលទានឡើយ។ ដូចនេះដើម្បីរក្សាសុខភាពនិងការពារហានិភ័យផ្សេងៗសូមកុំសាកល្បងទទួលអាហារដែលគ្មានការទទួលស្គាល់ស្តង់ដារសុវត្ថិភាពពីស្ថាប័នជំនាញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






