ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ព្រមានជាលើកចុងក្រោយចំពោះលោក ហៀក សេងហួត ដែលមិនអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍

BY
Khmernote Media
January 25, 2024

រាជធានីភ្នំពេញ៖​ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានចេញលិខិតព្រមានលើកចុងក្រោយចំពោះលោក ហៀក សេងហួត ដែលត្រូវបានគេដាក់រហ្សសនាមថា ជាមគ្គុទ្ទេសក៍ទេសចរណ៍ក្រមា ក្រោយពីបានប្រព្រឹត្តទង្វើមិនសមស្របតាមក្រមប្រតិបត្តិវិជ្ជាជីរៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍ បន្ទាប់ពីលោក បានអធិប្បាយប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗ ដែលគ្មានមូលដ្ឋានប្រវត្តិសាស្រ្តច្បាស់លាស់។

យោងតាមលិខិតរបស់ ក្រសួងទេសចរណ៍ សូមធ្វើការព្រមានជាលើកចុងក្រោយចំពោះលោក ហៀក សេងហួត ជាមគ្គុទ្ទេសក៍ទេសចរណ៍ នៅតំបន់សៀមរាប ទៅលើករណីអនុវត្តមិនសមស្របតាមក្រមប្រតិបត្តិវិជ្ជាជីរៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍ ដោយធ្វើការអធិប្បាយនូវប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋានប្រវត្តិសាស្រ្តច្បាស់លាស់។ ករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងទេសចរណ៍ នឹងអនុវត្តនីតិវិធីព្យួរអាជ្ញាបណ្ណ ឬករណីធ្ងន់ធ្ងរអាចឈានដល់ការលុបអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍របស់លោកចោលទាំងស្រុង។

សូមជម្រាបជូនថា មគ្គុទេសក៍ទេសចរណ៍ក្រមា លោក ហៀក សេងហួត មួយរយៈចុងក្រោយនេះ រងការរិះគន់យ៉ាងព្រោងព្រាតលើបណ្ដាញសង្គម បន្ទាប់ពីលោក បានផ្សព្វផ្សាយរឿងអបិយជំនឿ ដែលផ្ទុយពីប្រវត្តសាស្ត្រ ថែមទាំងចូលរួមជាសកម្មភាពជាមួយស្ត្រីម្នាក់ ជាអ្នកលក់អនឡាញដែលតាំងខ្លួនថា មានបារមីព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត និងបាននាំគ្នាទៅប្រាសាទព្រះវិហារដើម្បីធ្វើពិធី ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តព្រះវិហារហាមឃាត់មិនឱ្យឡើងលើប្រសាទឡើយ។ បន្ទាប់ពីអាជ្ញាធរមិនឱ្យឡើងលើប្រាសាទយ៉ាងដូច្នេះ លោក ហៀក សេងហួត បានប្រើប្រាស់ពាក្យសម្ដីមិនសមគួរទៅលើអាជ្ញាធរ ខ្លាំងៗ ដែលធ្វើឱ្យក្រសួង ចេញលិខិតព្រមានលើកចុងក្រោយដល់លោក ហើយបើមានករណីបែបនេះទៀត អាចឈានដល់ការលុបអាជ្ញាបណ្ណចោលទាំងស្រុងផងដែរ ៕

ប្រភព៖ CNC TV

Share This Post: