ព័ត៌មានជាតិ

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា មិនអនុញ្ញាតឱ្យក្រុមកីឡាអេឡិចត្រូនិកគ្រប់វិញ្ញាសា ពាក់ព័ន្ធនឹងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

BY
Khmernote Media
January 26, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីការមិនអនុញ្ញាតឲ្យគ្រប់ភាគីពាក់ព័ន្ធនឹងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ពាក់ព័ន្ធនឹងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមជម្រាបជូនដល់សាធារណជន ជាពិសេសក្រុម កីឡាអេឡិចត្រូនិកកម្ពុជា គ្រប់វិញ្ញាសា, ក្លឹបកីឡាអេឡិចត្រូនិក (Cyber Café), កីឡាករ កីឡាការិនី, អ្នកអត្ថា- ធិប្បាយកីឡាអេឡិចត្រូនិក (Caster), Influencer, ក្រុមហ៊ុន និងអ្នករៀបចំការប្រកួតទាំងអស់ឲ្យបានជ្រាបថា ដោយសង្កេតឃើញថាមួយរយៈចុងក្រោយនេះ ការបង្ក្រាបបទល្មើសទាក់ទងនឹងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងន័យនេះដើម្បីបញ្ចៀសនូវផលប៉ះពាល់អវិជ្ជមាន ដែលអាចនឹងកើតមាន ឡើង ជះឥទ្ធិពលមិនល្អមកលើវិស័យកីឡាអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រកម្ពុជា សហព័ន្ធសូមក្រើនរំលឹកដល់ គ្រប់ភាគីពាក់ព័ន្ធនឹងវិស័យកីឡាអេឡិចត្រូនិកទាំងអស់ ជាពិសេស ក្រុមកីឡា, កីឡាករ កីឡាការិនី ដូចខាងក្រោម៖

១. បញ្ឈប់នូវរាល់សកម្មភាពផ្សេងៗ ក្នុងទម្រង់ជាការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលពាក់ព័ន្ធនឹង ល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។

២. មិនត្រូវផលិតវីដេអូមាតិកាកម្សាន្ត ឬបទយកការណ៍តាមបណ្តាញទំនាក់ទំនងសង្គម ឬចែកចាយ វីដេអូ និងឬមាតិកាកម្សាន្តផ្សេងៗ ដែលពាក់ព័ន្ធនិងកីឡាអេឡិចត្រូនិកកម្ពុជា ហើយទទួលការ ឧបត្ថម្ភពីល្បែងពាណិជ្ជកម្ម ឬល្បែងស៊ីសងខុសច្បាប់ឡើយ។

៣. ក្រុមហ៊ុន និងអ្នករៀបចំការប្រកួតកីឡាអេឡិចត្រូនិកទាំងអស់ មិនអនុញ្ញាតឲ្យទទួលការឧបត្ថម្ភ ពីប្រភពល្បែងស៊ីសងគ្រប់ប្រភេទ។

ករណីបំពានការណែនាំខាងលើ នោះសហព័ន្ធនឹងចាត់វិធានការរដ្ឋបាល ស្របតាមលក្ខន្តិកៈរបស់ខ្លួន ក៏ដូចជាតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកកម្ពុជា ជាពិសេសភាគីពាក់ព័ន្ធទាំងអស់ដូចបានរៀបរាប់ខាងលើទទួលជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឲ្យមាន ប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ E-Sports Federation Cambodia

Share This Post: