ដើមឆ្នាំ២០២៤នេះ ខេត្តមណ្ឌលគិរី ទទួលបានកំណើនភ្ញៀវទេសចរច្រើនជាងដើមឆ្នាំ២០២៣
- January 26, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសនៃការឆ្លងឆ្នាំ២០២៣ ចូលដើមឆ្នាំ២០២៤នេះ ខេត្តមណ្ឌលគិរីទទួលបាន កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរង្វង់ប្រមាណជា ៣០ភាគរយ ក្នុងនោះបើនិយាយ ពីភ្ញៀវទេសចរបរទេសវិញ គឺមានកំណើនពី ៣០ ទៅ ៤០ភាគរយ ដែលបានមកទស្សនានៅ តាមរមណីយដ្ឋាននានារបស់ខេត្តមណ្ឌលគិរី ដែលខេត្តមានរមណីយដ្ឋានទេសចរណ៍បែប ធម្មជាតិ និងបែបវប្បធម៌ចំនួន ១០៥កន្លែង។ នេះជាការលើកឡើង របស់លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។

លោក ស៊ាង សឿន បានឱ្យដឹងថា សម្រាប់សប្តាហ៍ទី២ និងសប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០២៤នេះ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣ ០០០នាក់ ក្នុង ១សប្តាហ៍។ លោកថា សម្រាប់ខេត្តមណ្ឌលគិរី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក៏ដូចជា មន្ទីរទេសចរណ៍បានដាក់ទិសដៅអនុវត្តន៍ទៅតាមផែនការមេនៃវិស័យទេសចរណ៍ ដោយអភិបាលនៃគណៈអភិបាលខេត្តបានជំរុញឱ្យវិស័យពាក់ព័ន្ធទាំងអស់ ផ្តោតការយក ចិត្តទុកដាក់ទៅលើផែនការមេនេះ តាមរយៈការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធនានាដើម្បីជាស្នូល ក្នុងការជំរុញកំណើនភ្ញៀវទេសចរ ដោយលោកបានលើកជាឧទាហរណ៍ថា ភ្ញៀវទេសចរ កាលណាគាត់មានផ្លូវថ្នល់ល្អក្នុងការធ្វើដំណើរកម្សាន្តនៅក្នុងខេត្តរបស់យើង គាត់មកម្តង ហើយគាត់នឹងចង់មកម្តងទៀត ហើយអ្វីដែលកាន់តែពិសេសក្នុងការអន្ទងចិត្តភ្ញៀវទេសចរ នោះគឺ សេវាកម្មសម្រាប់វិស័យទេសចរណ៍នេះតែម្តង ដែលមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី កំពុងតែយកចិត្តទុកដាក់ជាខ្លាំងក្នុងការបណ្តុះបណ្តាលដល់បុគ្គលិកបម្រើ សេវាទេសចរណ៍ ដោយកាលពីឆ្នាំ២០២៣កន្លងទៅ យើងធ្វើការបណ្តុះបណ្តាលបានចំនួន ១៨៨នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក សេង សឿន បានគូសបញ្ជាក់ថា មន្ទីរទេសចរណ៍ ក៏ដូចជា ផ្នែកពាក់ព័ន្ធក្នុងខេត្ត តែងបានចុះផ្សព្វផ្សាយដល់អាជីវករ ក្នុងវិស័យទេសចរណ៍នេះជាប្រចាំ ជាពិសេសសម្រាប់រដូវមានបុណ្យទាន ដោយសូមឱ្យ ម្ចាស់អាជីវកម្មទាំងអស់រក្សានូវតម្លៃ ដោយមិនត្រូវឡើងថ្លៃទេ ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់ និងម្ហូបអាហារជាដើម។ លោកថា ការធ្វើរបៀបនេះ គឺដើម្បីរក្សាដង្ហើម និងរក្សា ជីវិតនៃវិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរីទាំងមូលឱ្យរស់ជារៀងរហូត និងជាការទាក់ ទាញភ្ញៀវឱ្យពួកគាត់មកម្តងហើយ ចង់មកម្តងទៀតផងដែរ។
លោក សេង សឿន បានសម្តែងនូវសុទិដ្ឋិនិយមផ្ទាល់ខ្លួនរបស់លោកថា សម្រាប់ភ្ញៀវ ទេសចរដែលនឹងមកកម្សាន្តនៅខេត្តមណ្ឌលគិរីនេះ នឹងត្រឡប់ទៅរកដូចកាលមុន សម័យកូវីដ-១៩ ឡើងវិញ ហើយក៏អាចកើនលើសពីមុនសម័យកូវីដ-១៩នេះថែមទៀតផង ដោយខេត្តសង្ឃឹមថា នឹងអាចទទួលបានភ្ញៀវចាប់ពី ៣០ម៉ឺននាក់ឡើងទៅនៅក្នុង ១ឆ្នាំ ចាប់ពីឆ្នាំ២០២៤ នេះតទៅ ដោយលោកបានអះអាងថា ខេត្តកំពុងជំរុញ ដល់អង្គភាព និងមន្ទីរពាក់ព័ន្ធទាំងអស់ ឱ្យជួយសម្រួលចំពោះផ្លូវធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋាន នានាឱ្យបានល្អប្រសើរ ដែលនៅទូទាំងខេត្តមណ្ឌលគិរីទាំងមូលមានរមណីយដ្ឋាន បែបធម្មជាតិ និងបែប វប្បធម៌សរុបចំនួន ១០៥កន្លែង តែបច្ចុប្បន្នកន្លែងដែល ភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេគឺមានតែ ទឹកជ្រោះប៊ូស្រា, សមុទ្រឈើ, ភ្នំណាមលៀ និងភ្នំដោះក្រមុំប៉ុណ្ណោះ តែយើងចង់ឱ្យភ្ញៀវទេសចរអញ្ជើញទៅកាន់រមណីយដ្ឋាន ផ្សេងៗទៀត ដែលយើងមានរហូតទៅដល់ ១០៥កន្លែងឯណោះ។
សូមជម្រាបជូនថា៖ កាលពីឆ្នាំ២០២៣កន្លងទៅ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ២៦ម៉ឺននាក់ គឺកើនឡើងជាង ៣០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






