ព័ត៌មានជាតិ

បេក្ខជនជិត ២០០០នាក់នឹងចូលការប្រឡងប្រជែងធ្វើគ្រូបង្រៀនផ្នែកអប់រំកាយ និងកីឡា

BY
Khmernote Media
January 27, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារសាធារណៈនឹងរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនផ្នែកអប់រំកាយ និងកីឡា នៅថ្ងៃទី២៨ ខែមករាខាងមុខនេះដោយមានបេក្ខជនជិត២០០០នាក់ ចូលរួមប្រកួតប្រជែង ដោយប្រកាន់គោលការណ៍តម្លា ភាពពោល គឺ«អ្នកចេះជាប់»

ថ្លែងក្នុងសន្នីសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែមករា នៅសាលាភូមិន្ទរដ្ឋបាលឯកឧត្តម ហ៊ុនម៉ានី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានគណៈកម្មការ រៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានលើកឡើងថាការប្រឡងចូលបម្រើការងារ មន្ត្រីរាជការនេះអនុវត្តតាមការដាក់ចេញគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថាការប្រឡងនេះនៅតែប្រកាន់ភ្ជាប់«អ្នកចេះគឺជាប់»អ្នកមិនជាប់ដោយអស់ចិត្ត។ ការប្រឡងនេះដែរមានបេក្ខជនចំនួន១៨៩២នាក់ជ្រើសរើសយក១០០នាក់។

ការប្រឡង នេះដែលមានវិញ្ញាសាចំនួន២គឺវិញ្ញាសាសរសេរ និងវិញ្ញាអនុវត្តជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកំណត់ឲ្យក្រសួងអប់រំជ្រើសរើសមន្ត្រីរាជការចំនួន២០៨៨នាក់ ក្នុងនោះ១០០នាក់ជ្រើសរើសគ្រូផ្នែកអប់រំកាយ និងកីឡា ២០០នាក់ គ្រូបង្រៀនសាលាមត្តេយ្យសិក្សា ១៣៤៧នាក់គ្រូបង្រៀមធ្យមសិក្សា និង៤៤១គ្រូបង្រៀន មូលដ្ឋានចំណេះដឹងទូរទៅ។ អ៊ឹចឹងពេលនេះយើងជ្រើសរើសដំណាក់ទី១ គឺជ្រើសរើសគ្រូជំនាញ អប់រំកាយ និងកីឡា»។ ជាគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងចំណោមគ្រូបង្រៀនផ្នែកអប់រំកាយ និង កីឡាចំនួន១០០នាក់នេះនឹងត្រូវចេញទៅបង្រៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងចំណោម២១រាជធានី ខេត្ត។ ការប្រឡងវិញ្ញាសាសរសេរមានបីវិញ្ញាសាគឺ វប្បធម៌ទូទៅ ជីវៈវិទ្យា និងភាសាអង់គ្លេស។ ចំណែកវិញ្ញាសាអនុវត្តផ្ទាល់មាន៖ការរត់ចំងាយ លោតចំងាយ និង ចោលដំដែក។

យ៉ាងណាក្តីឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ការប្រឡងនេះ នឹងប្រព្រឹត្តទៅដោយរលូន ដើម្បីធ្វើយ៉ាងណាឱ្យបេក្ខជនជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត។ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡង និងអនុគណៈកម្មការទាំងអស់ ដែលចូលរួមពាក់ព័ន្ធ គ្រប់មន្ត្រីរាជការ និងអ្នកដែលចូលរួមចំណែក គឺមានភាពទទួលខុសត្រូវខ្ពស់ ចំពោះអ្វីដែលជាបេសកកម្មរបស់យើង»។ ចំណែកឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿង រដ្ឋាធិការក្រសួងអប់រំ យុវជននិង កីឡាបានលើកឡើងថា ការជ្រើសរើសមន្ត្រីរាជការស៊ីវិលនេះត្រូវបានរាជរដ្ឋាភិបាលកំណត់យកគោលការណ៍ គុណនាធិបតេយ្យ យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងបរិយាប័ន។ ឯកឧត្តមបានបន្តថាពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនប្រឡងនេះមិនមែនជាការជ្រើសរើសកីឡាករទេ គឺជាការជ្រើសរើសគ្រូបង្រៀនជំនាញអប់រំកាយ និង កីឡាដែលគាត់ត្រូវបណ្តុះបណ្តាលរយៈពេល២ ឆ្នាំ យកសញ្ញាបត្រមធ្សមសិក្សាទុយភូមិ(១២ បូក២)និងមួយចំនួនទៀត បណ្តុះប ណ្តាល៤ឆ្នាំ(១២បូក៤)។អ្នកទាំងនោះនឹងត្រូវ ចុះទៅបង្រៀន នៅតាមសាលានៅតាមបណ្តា រាជធានី ខេត្ត ក្នុងការរៀបចំផ្នែកកីឡា។

ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងថាការជ្រើសរើសគ្រូបង្រៀនអប់រំកាយ និងកីឡានេះដែរក៏បានកំណត់កម្ពស់ផងដែរ ដោយបេក្ខជននារីមានកម្ពស់១.៥៥ និងបេក្ខជនបុរសមានកម្ពស់១.៦៥ឡើងទៅ។ សូមជម្រាបថាការប្រឡងជ្រើសរើសគ្រូជំនាញអប់រំកាយ និងកីឡានេះមានការចូលរួមពីមហាជនចុះឈ្មោះសង្កេតការណ៍ សរុប ៤២៣នាក់ ក្នុងនោះត្រូវបានជ្រើសរើសចំនួន ៤៤ រូប ដោយបែងចែកតាមគោលដៅដូចខាងក្រោម៖ ១០ រូប សម្រាប់សង្កេតការណ៍ នៅមណ្ឌលសំណេរ។ ១០ រូប សម្រាប់ សង្កេតការណ៍ នៅមណ្ឌលកំណែ ។ ២៤ រូប សម្រាប់ សង្កេតការណ៍ នៅមណ្ឌលវិញ្ញាសាអនុវត្ត (ប្រឡង ៨ថ្ងៃ ក្នុង១ ថ្ងៃ ៣រូប) ។ ចំនួនអ្នកសង្កេតការណ៍ តំណាងសាកលវិទ្យាល័យមាន ១០ រូប (ចុះឈ្មោះរួច) ចំនួនអ្នកសង្កេតការណ៍ ស.ស.យ.ក ២០ រូប ។ចំនួនក្រុមការងារសង្កេតការណ៍ ACU ចំនួន ៨៧ រូប៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: