ព័ត៌មានជាតិ

សត្វត្រយងយក្សជំទង់ ១ក្បាល ដែលជាបក្សីនិមិត្តរូបរបស់កម្ពុជា ត្រូវបានជួយសង្រ្គោះដោយជោគជ័យពីជម្ងឺគ្រុនចាញ់

BY
Khmernote Media
January 27, 2024

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤​ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តព្រះវិហារ Angkor Centre for Conservation of Biodiversity មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្សជំទង់១ក្បាល ដែលជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យពីជម្ងឺគ្រុនចាញ់បក្សី ។

បើមើលពីរូបរាងខាងក្រៅនៃសត្វត្រយងនេះមើលទៅដូចគ្មានជំងឺពេលមកដល់ ACCB ប៉ុន្តែរោគសញ្ញានៃជំងឺនេះក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីមានការពិនិត្យសុខភាពយ៉ាងហ្មត់ចត់ យើងបានរកឃើញថា សត្វត្រយងយក្សជំទង់នេះកំពុងមានជំងឺគ្រុនចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ លើសពីនេះទៅទៀត ម្រាមជើងមួយរបស់វាមានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ។ ក្រុមការងារដែលមានការតាំងចិត្តខ្ពស់របស់ ACCB បានធ្វើការអស់កម្លាំងកាយចិត្ត ដើម្បីព្យាបាលជម្ងឺគ្រុនចាញ់បក្សី និងវះកាត់យកម្រាមជើងដំបៅចេញដោយជោគជ័យ។ យើងមានសេចក្តីសោមន្សរីករាយដែលសត្វត្រយងយក្សនេះបានជាសះស្បើយទាំងស្រុង និងបានសម្របខ្លួនយ៉ាងល្អទៅនឹងកន្លែងថែទាំវាផងដែរ។

ការជួយសង្គ្រោះសត្វត្រយងយក្សនេះ គឺជាសមិទ្ធផលដ៏សំខាន់ ក្នុងកិច្ចការងារអភិរក្ស ខណៈដែលបក្សីប្រភេទនេះមាននៅសេសសល់ប្រហែលជា ២៥០ក្បាល ប៉ុណ្ណោះ នៅទូទាំងពិភពលោក។ សត្វត្រយងយក្សនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការធានាចំនួនប្រជាសាស្រ្តសត្វត្រយងយក្ស ដែលត្រូវបានថែទាំនៅក្នុងមជ្ឈមណ្ឌល ACCB ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបក្សីប្រភេទនេះ ៕

ប្រភព៖ Ministry of Environment

Share This Post: